2023-09-18 12:09
119

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសម្មភាពបោកប្រាស់់យកប្រាក់ពីជនរងគ្រោះជាច្រើន ដោយធានាអះអាងថា ជួយរត់ការ ដើម្បីដោះសាច់ញាតិដែលកំពុងជាប់ឃុំដោយសារពាក់ព័ន្ធករណីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែក្រោយទទួលបានលុយជាបន្តបន្ទាប់ក៏បិទទូសព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន ទើបជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយស្រាវជ្រាវ ចុងក្រោយត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចតែម្តង។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា  ឆ្នាំ២០២៣  ខ្លួន និងកូនស្រី បានជួបនឹងជនសង្ស័យ នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថា “គេជាអ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន” បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យនោះឲ្យជួយដោះស្រាយរឿងកូនប្រុសខ្លួនម្នាក់ ដែលត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដោយជនសង្ស័យបានសួរខ្លួនថា “មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។  បន្ទាប់មកខ្លួនបានប្រគល់លុយឲ្យទៅជនសង្ស័យ ចំនួន ៦០ម៉ឺនរៀលសិន និងក្រោយមកក៏ធ្វើការផ្ញើលុយ ចំនួន  ១លាន ៤០ម៉ឺនរៀល និងបានផ្ញើជាបន្តបន្ទាប់ទៀត”។

ជនរងគ្រោះបានបញ្ជាក់ថា “លុយបានតាមរយៈលេខទូសព្ទរបស់ជនសង្ស័យ ព្រោះជនសង្ស័យសន្យាថានឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឲ្យកូនខ្លួនរួចទោសចេញមកវិញ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរសព្ទមិនអាចទំនាក់ទំនងបាន ពេលនោះទើបខ្លួនដឹងថា បានចាញ់បោកជនសង្ស័យ។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា  ឆ្នាំ២០២៣  ខ្លួនរួមជាមួយសាច់ញាតិ ក៏បានប្តឹងទៅកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយជនសង្ស័យតាមរយៈបណ្តាញសង្គមតេឡេក្រាម ដោយឲ្យមកជួបគ្នានៅណុច ស្ថានីយ៍ប្រេងឥន្ធនៈ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័យក៏បានមកតាមការណាត់ជួប ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ក្របួចជាប់តែម្តង។

ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនមានឈ្មោះ អ៊ិន វុទ្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ ក្រោយពេលឃាត់ខ្លួន បានសារភាពថា “ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន”។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕