2023-09-18 04:09
123

(កំពត)  ៖    នៅថ្ងៃទី ១៨ ខែកញា ឆ្នាំ២០២៣នេះ លោកជំទាវ សុីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា បម្រែបម្រួលអាកាសធាតុបានបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិជាច្រើន ដែលបានផ្តល់ផលអវិជ្ជមានទៅលើជីវភាពរស់នៅ និងស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ ជាពិសេសស្ត្រី និងកុមារី។

លោកជំទាវ សុីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកឡើងឱ្យដឹងថានេះហើយគឺដើម្បីបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់ទាំងនេះ ស្ត្រីត្រូវពង្រឹងសមត្ថភាព បង្កើនការយល់ដឹងអំពីការបន្សុំា និងការកសាងភាពធន់នឹងអាកាសធាតុលើវិស័យអាទិភាពចំនួន៥។ 

ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ នៅសាលប្រជុំអង្គរខេមរ៉ា ខេត្តកំពត លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការបានដឹកនាំ និងធ្វើការសម្របសម្រួលការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុបានជាគ្រោះមហន្តរាយដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់មនុស្សជាតិ វាជាបញ្ហាអាទិភាពមួយដ៏រសើបសម្រាប់សកលលោកក្នុងសតវត្សទី២១នេះ។

នៅក្នុងនោះ កម្ពុជាតែងតែរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិជាច្រើនដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះខ្យល់កន្រ្ទាក់ និងរន្ទៈបាញ់ជាដើម។
គ្រោះមហន្តរាយទាំងនេះបានផ្តល់ផលអវិជ្ជមានទៅលើជីវភាពរស់នៅ និងស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ ជាពិសេសស្ត្រី និងកុមារី។

លោកជំទាវ សុីវណ្ណ បុទុម រដ្ឋលេខាធិកាក្រសួងកិច្ចការនារីបានបន្តថា នេះជាដើម្បីបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់ខាងលើ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងការប្រែប្រូលអាកាសធាតុ ពិសេសតាមរយៈការដាក់បញ្ចូលជាយុទ្ធសាស្ត្រអាទិភាព នៃផែនការយុទ្ធសាស្ត្រនារីរតនៈ និងការដាក់ចេញនូវវិធានការពង្រឹងភាពអង់អាចដល់ស្រ្តី ក្នុងការបន្សុំា និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ និងផែនការអភិវវឌ្ឍពាក់ព័ន្ធនានា។

ជាពិសេសនោះការបន្សុំា និងការកសាងភាពធន់ និងអាកាសធាតុ ក្នុងវិស័យជាអាទិភាពចំនួន៥ (កសិកម្ម អភិវឌ្ឍជនបទ សុខាភិបាល ធនធានទឹក និងសាធារណៈការ និងដឹកជញ្ជូន)។

វគ្គបណ្តុះបណ្តាលមានរយៈពេលបីថ្ងៃសម្រាប់ផ្តល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី មន្ត្រីមន្ទីរកិច្ចការនារី មន្ត្រីមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តីចំនួន០៩រូមមាន៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ស្ពឺ កោះកុង ព្រះសីហនុ ស្ទឹងត្រែង ពោធិ៍សាត់ រាជធានីភ្នំពេញ និងតំណាងមន្ទីរពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាពដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការជាស្ត្រីលើការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងគ្រោះមហន្តរាយ បង្កើនការយល់ដឹងទំនាក់ទំនងរវាងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងស្វែងយល់ពីររបៀប ជម្រើសនៃការតស៊ូមតិ សម្រាប់ការបញ្ជ្រាប ការពិចារណាពីយេនឌ័រ ទៅក្នុងគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល។(សឹង រ៉ាត់)