2023-09-18 05:09
174

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក វរសេនីយ៍ ទោ ផូល ផេន (Paul Payne) នាយការិយាល័យសេនាអនុព័ន្ធកាណាដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីស្ថានការណ៍មួយចំនួននៅកម្ពុជា ដែលឆ្លងកាត់សង្រ្គាមផ្ទៃក្នុងជាច្រើនទសវត្សរ៍  ហើយទើបស្គាល់សន្តិភាពពេញលេញក្នុងរយៈពេលជាង ២៨ ឆ្នាំមកនេះក្រោមការលះបង់អាយុជីវិតនិងការដាក់ចេញ នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ 

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងពីជោគជ័យថ្មីៗរបស់កម្ពុជា រួមមាន៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជាដើម។

នាយឧត្ដមសេនីយ៍ បន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តគោលនយោបាយការបរទេសឯករាជ្យ គោរពច្បាប់ កសាងសហប្រតិបត្តិការល្អរវាងកម្ពុជានឹងបណ្តាប្រទេសលើសកលលោក និងអង្គការអន្តរជាតិ ចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ពាក់ព័ន្ធកិច្ចសហប្រត្តិការរវាងកម្ពុជា-កាណាដា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាក់ថា ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងតាំងពីឆ្នាំ១៩៥២ ហើយក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ កម្ពុជា-កាណាដា បានមានទំនាក់ទំនងល្អជាមួយគ្នា ជាពិសេសក្នុងទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម។

លើវិស័យយោធា ក្នុងឆ្នាំ២០២២ នាវាកងទ័ពកាណាដាបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលធ្វើឲ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយទៅថ្ងៃខាងមុខ កងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នា នៅក្នុងការផ្លាស់ប្ដូរព័ត៌មានចារកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសំណូមពរដល់កាណាដា  ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ តាមដែលអាចជួយបាន ព្រមទាំងចូលរួមគាំទ្រកិច្ចនានា ពិសេសកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននាពេលខាងមុខ ទាំងជំនួបទ្វេភាគី ពហុភាគី ដើម្បីផលប្រយោជន៍រួមលើឆាកអន្តរជាតិ តំបន់ និងប្រទេសទាំងពីរ។ 

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ទោ ផូល ផេន បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរបំពេញការងារជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកថានេះគឺជាឱកាសដ៏ល្អសម្រាប់ពង្រឹងពង្រីកទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-កាណាដា)។ 

លោក វរសេនីយ៍ទោ បានបន្តថា កម្ពុជានិងកាណាដា ធ្លាប់មានទំនាក់ទំនងជាយូរមកហើយ ដូច្នេះកាណាដាបានបើកចំហក្នុងការធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ ដែលធ្វើឲ្យវិស័យយោធានៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត។ 

លោកប្រធានការិយាល័យសេនានុព័ន្ធកាណាដា ក៏បានធ្វើការកត់សម្គាល់ពីការរួមចំណែករបស់កងកម្លាំងថែរក្សាសន្តិភាពកម្ពុជា នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ហើយកាណាដានឹងអាចចែករំលែកខាងជំនាញឯកទេសកិច្ចការមនុស្សធម៌ និងគ្រោះអន្តរាយ ជាដើម៕