2023-09-19 10:09
289

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រុញឲ្យលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឲ្យសិក្សាមើលអំពីលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនី ឲ្យរោងចក្រ សហគ្រាស ជាពិសេសផ្នែកវិស័យកសិកម្ម និងផលិតកម្មកសិឧស្សាហកម្ម ដើម្បីជួយសន្សំការចំណាយរបស់របស់ថៅកែ និងយកការសន្សំនោះមកផ្តល់ជូន ឬបំពេញបន្ថែមឲ្យបងប្អូនកម្មករវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់គោលការណ៍បែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត ប្រមាណជិត ២ម៉ឺននាក់ មកពីបណ្តារោងចក្រ សហគ្រាសនានា ចំនួន ១៨ មកពីភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «ឲ្យឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពនិត្យមើលពីលទ្ធភាព ក្នុងការកាត់បន្ថយតម្លៃអគ្គិស តាមបណ្តារោងចក្រ សហគ្រាស ដើម្បីជួយសន្សំសំចៃថៅ ក្នុងការយកការសន្សំសំចៃទាំងនោះមកផ្តល់ និងបំពេញបន្ថែមឲ្យជនបងប្អូនកម្មករ-កម្មការិនី នយោជិត ព្រោះរោងថៅរោងច្រ និងកម្មករ នោជិតប្រៀបដូចប្តី និងប្រពន្ធ ត្រូវចេះបំពេញឲ្យគ្នាទៅវិញទៅមកដោយមិនអាចខ្វះបានឡើយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជម្រុញឲ្យលោករដ្ឋមន្ត្រីចាប់ផ្តើមសិក្សា និងសាកល្បងចាប់ពីខែតុលា ឆ្នាំ២០២៣ នេះតទៅ ដោយមិនបាច់រងចាំឡើយ ប្រសិនជោយជ័យ ត្រូវតែអនុវត្តបន្តទៀត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវសិក្សាលើរឿងបន្ធូបន្ថយតម្លៃអគ្គិនី តាមរោងចក្រសហគ្រាសប្រមាណជាង ២ម៉ឺនកន្លែង ជាពិសេសលើវិស័យកសិកកម្ម និងកសិឧស្សាហកម្មតែម្តង»៕