2023-09-19 03:09
135

ភ្នំពេញ៖ សព្វថ្ងៃនេះល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ទាំងមានច្បាប់ត្រឹមត្រូវ និងគ្មានច្បាប់អនុញ្ញាតិកំពុងរីកដូចផ្សិតពាសពេញផ្ទៃប្រទេសយ៉ាងអនាធិបតេយ្យទាំងតូចទាំងធម បើកលេងតាមសាខាប៉ុស្តិ៍អាជីវកម្ម តូបកាហ្វេ គុយទាវ កន្លែងលក់ចាប់ហួយ មានស្ទើរគ្រប់កន្លោះកន្លៀត ទាំងក្នុងទីក្រុងរហូតតំបន់ជនបទស្រុកចំការគ្មានចន្លោះឡើយ ជាហេតុនាំឲ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល បង្កឲ្យកើតមានអំពើរចោរកម្ម លួច ឆក់ ប្លន់ កើតមានជារៀងរាល់ថ្ងៃ។ 

សកម្មភាពល្បែងអនឡាញដែលកំពុងរីកសុះសាយ និងពេញនិយមបំផុតកំពុងពង្វក់ស្មានៗរតីប្រជាពលរដ្ឋខ្មែរ រួមមាន ៖ ល្បែងឡូតូអនឡាញចេញគ្រប់ម៉ោង មាន់ជល់អនឡាញ អាប៉ោង បៀរ  ជល់មាន់តាមសង្វៀនជ្រកក្រោមយីហោកាស៊ីស្របច្បាប់, និងមានវេបសាយល្បែងស៊ីសងរាប់រយ កំពុងធ្វើការផ្សព្វផ្សាយយ៉ាងបើកចំហរនៅលើបណ្តាញសង្គមដោយគ្មានកោតខ្លាចញញើតច្បាប់ឡើយ។ 
ដោយមានការរិះតាមបណ្តាញសារព័ត៌មាន និងមហាជនទូទៅច្រើនពេក ទើបឃើញគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ហៅកាត់ (គ.ល.ក.) បានចេញសេចក្តីជួនដំណឹង «ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម និងការទប់ស្កាត់ ការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ» ដែលបណ្តាញសារព័ត៌មានយើងបានទទួល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយខ្លឹមសារដូចខាងក្រោម៖ 

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានពិនិត្យឃើញថា នាពេលថ្មីៗនេះ មានសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ដោយពុំមានការ អនុញ្ញាតពី គ.ល.ក. និងមានសកម្មភាពផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសាធារណជន និងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) ក្នុងការផ្សព្វផ្សាយផលិតវីដេអូខ្លីៗ និងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានខ្លឹមសារអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងដែលផ្ទុយពីច្បាប់ ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបង្កឱ្យមានជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម»។ 

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ សង្គម អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការណែនាំ ដូចខាងក្រោម៖ 
១- ប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្ម អំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី។ 
២- អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធ ផ្សេងទៀត ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិត ការផ្សព្វផ្សាយ ឬការចែកចាយវីដេអូ និង/ឬមាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ 
៣- រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាពជាសកម្មភាពខុសច្បាប់។ 
ក្នុងករណីដែលប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធទាំងអស់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា «ប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់»។ 

ពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីពាណិជ្ជកម្មគ្រប់ប្រភេទនេះ វាបានកើតមានយ៉ាងផុសផុលពេញបណ្តាញសង្គមនានា ប៉ុន្តែការអនុវត្តន៍ច្បាប់ហាក់នៅមានកម្រិតទន់ខ្សោយ អនុវត្តបានតែចំពោះអ្នកតូចតាច និងទន់ខ្សោយប៉ុណ្ណោះ សម្រាប់បុគ្គមានឥទ្ធពលបើកល្បែសស៊ីសងទ្រង់ទ្រាយធំ ការអនុវត្តច្បាប់ដូចគ្មានប្រសិទ្ធភាពទាល់តែសោះ លុះត្រាតែមានបទបញ្ជាពីនាយករដ្ឋមន្ត្រីទើបម្នាក់ៗស្លន់ស្លោរនាំគ្នាដុតដៃដុតជើងចុះបិទ ឬបង្ក្រាប ពេលខ្លះការបង្ក្រាបនោះទៀតសោតមិនតម្លាភាពថែមទៀតផង។ 

ជុំវិញសេចក្តីជូនដំណឹងរបស់គណៈកម្មាគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាហាមប្រាមដូចខាងលើនេះ មិនមានប្រសិទ្ធភាពកម្រិតណានោះទេ មហាជនទន្ទឹងរងចាំមើលទាំងអស់គ្នា ឬរបៀបគោះទឹកបង្អើលត្រីឲ្យរត់ចូលជុច៕