2023-09-19 06:09
152

ភ្នំពេញ ៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីអ្នកជំនួញរកស៊ីលក់ផលិតផលតាមអនឡាញម្នាក់ទៀតហើយនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដទៃ ។

ជនត្រូវចោទ ឈ្មោះ ធូ លីតា អាយុ២៨ឆ្នាំ មុខរបរ លក់ផលិតផលតាមអនឡាញ ស្នាក់នៅផ្ទះលេខ១២៩c ផ្លូវលេខ៤ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនបានដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការ ពិនិត្យពីបទ.ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា លោក ហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់សមត្តកិច្ចនាំខ្លួន ស្ត្រីឈ្មោះ ធូ លីតា ដើម្បីយកទៅសាកសួរលើពាក្យបណ្តឹងឆបោក ។

ដីកាបង្គាប់ឲ្យនាំខ្លួននោះ បានធ្លាក់ដល់ដៃសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដែលបានយកទៅអនុវត្ត ទើបនៅរសៀលថ្ងៃទី១៥ ខែកញ្ញា កម្លាំងនគរបាលព្រហ្មទណ្ឌ បានរកឃើញ និងនាំខ្លួនជនសង្ស័យទៅប្រគល់ជូនចៅក្រមស៊ើបសួរ បន្ទាប់ពីជននោះ បានគេចខ្លួនមួយរយៈ ។ លុះពេលសមត្តកិច្ចនាំជនសង្ស័យទៅ ដល់ចៅក្រមស៊ើបសួរមិនអូសបន្លាយយូទេ ក៏សម្រេចចេញដីកាបង្គាប់ឃុំខ្លួនស្ត្រីហាយសូ លក់ផលិតផលតាមអនឡាញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នាល្ងាចថ្ងៃដដែលនេះ តែម្តង ៕