2023-09-20 02:09
119

ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខារធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកឡើងថា «មេដាយមាសដែលក្រុមអត្តពលិកកម្ពុជាយើងទទួលបានពេលនេះ គឺជាមេដាយកើតចេញពីការខិតខំប្រឹងពិតប្រាកដមិនមែនកើនចេញពីការហេងស៊យនោះទេ ហើយអ្នកដែលឈរអមយើង គឺកូរ៉េខាងត្បូង និងវៀតណាម ហើយសម្រាប់កូរ៉េខាងត្បូង និងវៀតណាម មិនងាយឱ្យយើងដណ្តើមមេដាយមាសដោយយងាយៗនោះទេ ប្រសិនមានឱកាសនឹងបង្កើនចំណាត់ថ្នាក់កីឡាយើងនៅលើពិភពលោកបន្ថែមទៀត»។ 

ការលើកឡើងរបស់លោក ណយ ផាណា បែបនេះ បន្ទាប់ពីលោកបានដឹកនាំប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រោយបញ្ចប់ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ជ្រើសរើសជើងឯកអាស៊ី លើកទី៨ (Aerobic Gymnastics Asian Championship 2023) នៅប្រទេសម៉ុងហ្គោលី ដោយដណ្ដើមបានមេដាយ ០២គ្រឿង រួមមានមេដាយមាស ០១គ្រឿង និងសំរឹទ្ធ ០១គ្រឿងផងដែរ។
អគ្គលេខារធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា «បើនិយាយពីពិន្ទុវិញ ក្រុមកីឡាការិនី ចំនួន ០៣នាក់ របស់យើងដែលទទួលមេដាយមាសនេះ គឺបានពិនទ្ទុ ១៩.០៦៧ពិន្ទុ រីឯក្រុមកីឡាការិនី កូរ៉េខាងត្បូង ដែលឈ្នះមេដាយប្រាក់ គឺបាន ១៩.០១១ពិន្ទុ។ អ៊ីចឹងមើលពិន្ទុ គឺខុសគ្នាបន្ដិចបន្ដួច ហើយបើថា ចៃដន្យ គឺអត់មានទេ»។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានបន្ថែមថា «ការឈ្នះមេដាយមាស និង មេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ជើងឯកអាស៊ីនៅម៉ុងហ្គោលីនេះ មិនមែនជាការចៃដន្យទេ តែវាជាសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់អត្តពលិកសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផ្ទាល់»។ លោកបានបន្ថែមទៀតថា «ក្នុងដំណាក់កាលនេះ មិនមែនចេញទៅ ដើម្បីតែបទពិសោធន៍នោះទេ មានន័យថា ចេញទៅស្វែងរកលទ្ធផល។ សម្រាប់ការចាកចេញពេលនេះ យើងនឹងព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិមាតុភូមិ»។

អគ្គលេខារធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់បន្ថែមថា «រហូតដល់ពេលនេះបានការចូលរួមយ៉ាងច្រើនជាពិសេសប្រមុខថ្នាក់ដឹននាំរាជរដ្ឋាភិបលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមានការផ្តល់ និងលើកទឹកចិត្តពីសំណាក់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធតែម្តង»។

លោក ណយ ផាណា បានបញ្ជាក់ថា «កីឡាទាល់តែយើងចេញប្រកួតឱ្យបានញឹកញាប់ទើបទទួលបានឱ្យកាស និងបទពិសោធបច្ចេកទេថ្មីៗបន្ថែមទៀត។ ប្រសិនបើមិនចេញប្រកួតញឹកញាប់ទេ គឺគ្មានសង្ឃឹមទេ ដូចពេលនេះជាដើម ហើយមេរៀនដែលយើងធ្វើបាននៅពេលនេះ ដោយសារគ្រូបង្វឹ្កកកម្ពុជាទាំងអស់គ្មានបរទេសណាឡើយ»។

លោក ណយ ផាណ អគ្គលេខារធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា «សហព័ន្ធមានបំណងឱ្យកីឡាករ កីឡាការិនីឈានឡើងដល់ Rangking នៅពិភពលោក ប៉ុន្តែវាអាស្រ័យលើពេលវេលាដែរ និងបានដាក់ផែនការក្នុងឆ្នាំ២០២៤នេះ បើមានលទ្ធភាពនឹងទៅចូលរួមប្រកួតនៅភិភពលោក ដើម្បីបង្កើន Rangking កីឡារបស់់យើង»៕