2023-09-20 02:09
128

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹកខេត្តរតនគិរី ក៏មិនខុសពីបណ្តាលខេត្តដ៏ទៃទៀតដែល សូរគោះ គង រគាំង ជួង ទូងស្គរ និងត្រដោក ពាសពេញខេត្ត ដើម្បីអបអរសាទរជាប្រវត្តិសាស្ត្រ " រមណីយដ្ឋានប្រាសាទកោះកេរ " ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ធដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែល កើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ដែលជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និង ប្រពៃណីជាកេរ្តិ៍មរតកដ៏ឧត្ដុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀត និងកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែលថា" រមណីយដ្ឋានប្រាសាទកោះកេរ" ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ធដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ៕