2023-09-20 05:09
212

ភ្នំពេញ៖ លោកបណ្ឌិត កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពល នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា «អគ្គិសនីកម្ពុជា បានសម្រេចបញ្ចុះថ្លៃ ១០ទៅ២០% ចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកែឆ្នៃកសិកម្ម និងក្នុងន័យដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ»។

លោកបណ្ឌិត កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា “ដោយសារកក្តាសន្តិភាពដែលចេញពីនយោបាយ «ឈ្នះ-ឈ្ន» និងការអភិវឌ្ឃន៍របស់ របស់សម្តេចតេជោ ហ៊ុន សែន កន្លងមកនេះភូមិជិត១០០ភាគរយទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលមានអគ្គិសនីប្រើប្រាស់លើ២៤ម៉ោងពីបណ្តាញជាតិរួចហើយ និងមានតម្លៃសមរម្យ”។ 

លោកបណ្ឌិត កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ បានថ្លែងថា «ក្នុងក្រមខណ្ឌពិភពលោកកំពុងប្រឈមនឹងថ្លៃប្រើប្រាស់អគ្គិនីឡើងថ្លៃចេញពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសាកល និងសង្គ្រាមនៅប្រទេសអ៊ុក្រែន ដែលធ្វើឱ្តថ្លៃដើមនៃការផលិតអគ្គិសនីត្រូវចំណាយខ្ពស់ហើយធ្វើឱ្យថ្លៃអគ្គិសនីទូទាំងពិភពលោកឡើងថ្លៃបើប្រៀបធៀបមុនកើតមានកូវីដ-១៩ និងមុនសង្គ្រាម ព្រះរាជាណាចក្រកម្ពុជា នៅតែរក្សាថាមពលផ្គត់ផ្គង់ក្នុងតម្រិតថ្លៃដដែល»។

លោកបណ្ឌិត កែវ រតនៈ បានបន្ថែមថា «ក្នុងរយៈពេលនេះ ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលធ្វើការឧប្ថម្ភធន់ជាង ១០០លានដុល្លាររួមមកហើយ។ នៅក្នុងអាណ្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយពិនិត្យឃើញលទ្ធរបស់រាជរដ្ឋាភិបាល អគ្គិសនីកម្ពុជា និងក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកែឆ្នៃកសិកម្ម និងក្នុងន័យដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពដើម្បីបញ្ចុះថ្លៃអគ្គិសនី ចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមាន៖ អ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនី តាមពេលវេលា និងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែ នៃការប្រើប្រាស់ ៦ខែចុងក្រោយ ទៅតាមលក្ខខណ្ឌកំណត់»។

លោកបណ្ឌិត កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពល បានបញ្ជាក់ថា សម្រាប់ការបញ្ជុះទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
១- បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៧ព្រឹក ដល់ម៉ោង ៩យប់។
២- បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង ៧ព្រឹក និង ២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ រយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាព។

ជាក់ស្តែងរបស់អគ្គិសនីកម្ពុជា អតិថិជនអ្នកប្រើប្រាស់អគ្គិសនី ប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់របស់ខ្លួន។ 
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ចំពោះការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ»៕