2023-09-20 06:09
130

ប៉ៃលិន៖ ជម្លោះដណ្តើមម៉ូយគ្នាផ្អើលភ្ញៀវជាតិ អន្តរជាតិច្រកទ្វាអន្តរជាតិព្រំ បង្កដោយបុគ្គលិកក្រុមហ៊ុនចំនួន ០២ក្រុម នាំគ្នាបើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម បណ្តាលឱ្យភាគីម្ចាងរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងភាគីដែលឈ្នះត្រូវបាននគរបាលឃាត់ខ្លួន។

ហេតុការណ៍បុគ្គលិកក្រុមហ៊ុនទាំង ០២ក្រុម បង្កជម្លោះដណ្តើមម៉ូយគ្នានេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វាអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ភាគីដែលឈ្នះក្នុងអំពើហិង្សារខាងលើ រួមមាន៖ ទី១- ឈ្មោះ សិរីវុធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនដៃដល់, ទី២- ឈ្មោះ សំណាង ភេទប្រុស អាយុ ៣២ឆ្នា ជាបក្សពួក និងទី៣- ឈ្មោះ ហុង ស៊ីនិត ភេទប្រុស អាយុ ៣២ឆ្នាំ ជាបក្សពួកទាំង 0៣នាក់ ស្នាក់នៅធ្វើការក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកជនរងគ្រោះមិនត្រូវបានបង្ហាញអត្តសញ្ញាណឡើយកំពុងបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេត្យនៅប្រទេសថៃ។

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ មានបុគ្គលិកក្រុមហ៊ុនចំនួន ០២ក្រុម បានដណ្តើមដឹកម៉ូយពីក្នុងទឹកដីប្រទេសថៃចូលមកម្ពុជា និងនាំពលករពីខ្មែរចូលទៅធ្វើការងារនៅថៃវិញ ប៉ុន្តែពួកគេមិនត្រូវរ៉ូវគ្នាទេ ដោយប្រទាញប្រទង់ដណ្តើមម៉ូយគ្នាទើបឈានដល់ផ្ទុះហិង្សាតែម្តង៕

ជនរងគ្រោះដែលត្រូវគេដាល់បែកខ្ទង់ច្រមុះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ។ ចំណែកឯជនបង្ក និងបក្សពួកវិញ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនរួចសួរនាំ និងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕