2023-09-20 06:09
241

(កំពត) .៖   នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អ៊ីន ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានឱ្យដឹងថា  រដ្ឋបាលខេត្តកំពតតម្រូវឱ្យ ក្រុង ស្រុក ឃុំសង្កាត់ ទីវត្តអារាម សាលារៀននានាទូទាំងខេត្តកំពតរៀបចំប្រារព្ធពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ និងអាជ្ញាធរបានបង្ហាញសេចក្តីរំភើបរីករាយ និងមានមោទកភាពយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលដែលនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។

ប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃ បានបង្ហាញអារម្មណ៍របស់ខ្លួនថាមានការសប្បាយរីករាយ ក្នុងនាមជាកូនខ្មែរមួយរួបពិតជារំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលឃើញរាជរដ្ឋាភិបាលបានដាក់ដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដោយជោគជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពួកគាត់យល់ថា តាមរយៈការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ និងផ្តល់ផលប្រយោជន៍ច្រើនយ៉ាងសម្រាប់ប្រជាជន និងប្រទេសជាតិ ជាអាទិរួមមាន៖ ទទួលបានការការពារអភិរក្ស និងជួសជុលឡើងវិញ ធ្វើឲ្យទេសចរណ៏ចាប់អារម្មណ៍ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកមកជាយូរលង់ លើកតំកើនកេរ្តិ៍ឈ្មោះរប្រទេសខ្មែរឲ្យកាន់តែល្បីល្បាញ លើកស្ទួយស្ថាបត្យកម្មដែលជាស្នាដៃឯករបស់ខ្មែរ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឺ បង្កើតការងារ បង្កើនប្រាក់ចំណូលតាមរយៈទសចរជាដើម។

ជាមួយគ្នានេះដែ លោក អឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានបង្ហាញចំណាប់អារម្មណ៍ឲ្យដឹងថា ក្នុងនាមជាអាជ្ញាធរស្រុក ពិតជាមានក្តីរំភើបរីករាយក្រៃលែង ដែលរាជរដ្ឋាភិបាលបានដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដោយជោគជ័យ។

សមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតនេះ វាមិនមែនបានមកដោយភាពចៃដន្យនោះទេ គឺដោយសារប្រមុខរាជរដ្ឋាភិបាលមានការដឹកនាំត្រឹមត្រូវ មានចក្ខុវិស័យច្បាស់លាស់ ទើបអាចធ្វើឲ្យកម្ពុជាមានឈ្មោះបោះសំឡេងល្បីរន្ទឺក្នុងឆាកអន្តរជាតិ ពិសេសបានចុះបញ្ជីប្រាសាទចំនួនបួន ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ប្រជាពលរដ្ឋ អាជ្ញាធរ រំពឹងយ៉ាងមុតមាំថា ទៅអនាគតក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ា ណែត នឹងនាំកម្ពុជាឆ្ពោះទៅរកភាពអភិវឌ្ឍន៍រីកចម្រើន និងកាន់តែមានភាពល្បីល្បាញ ពិសេសនឹងមានប្រាទ និងស្នាដៃសិល្បវប្បធម៌ខ្មែរជាច្រើនទៀតនឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅពេលខាងមុខ។(សឹង រ៉ាត់)