2023-09-20 07:09
179

(ភ្នំពេញ)៖ យុវជនម្នាក់បានបោកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុកក្បាលរថយន្ត ដែលកំពុងបត់ឆ្លងផ្លូវ នៅចំណុចមុខអនុវិទ្យាល័យព្រៃវែង ផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក Lexus NX200t ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BP-7833 ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ រថយន្តទាញចង្កូតបត់ឆ្វេងដៃឆ្លងផ្លូវ ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូម៉ាក Honda Dream c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1AB-0403 យ៉ាងលឿនវ៉ាជែងឆ្វេងដៃ បណ្តាលបុកចំក្បាលរថយន្ត ម៉ូតូខ្ទាតទៅម្ខាង យុវជនម្ចាស់ម៉ូតូបានបោកក្បាលជាមួយបង្គោលភ្លើងស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅទីតាំងកើតហេតុ។

ក្រោយមានហេតុការណ៍ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ នៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើការវាស់វែងប្រគល់ម៉ូតូ និងរថយន្តទៅឲ្យការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ឬឯសាកសពបានទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕