2023-09-20 07:09
205

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវជុំវិញការបង្ហោះរូបភាពវីដេអូជាសាធារណៈ ក្នុងបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ក្នុងជម្លោះរវាងយុវជនមួយក្រុមជាមួយអធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យោងតាម វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ឲ្យដឹងថា យុវជនមួយក្រុម មានគ្នា០៤នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កោះហៅចូលខ្លួនមកបំភ្លឺជុំវិញការបង្ហោះរូបភាពវីដេអូ និងចោទប្រកាន់ទៅលើលោកអធិការរងនគរបាលខណ្ឌច្បារអំពៅថា បានប្រើអំពើហិង្សា និងយកកាំភ្លើងគំរាមពួកគេ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ពៅ ច័ន្ទតារាពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកទាញលាត់អាវយឺត លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យបក្ខពួកខ្លួនម្នាក់ឈ្មោះ ពិន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ ថតសកម្មភាពវីដេអូឲ្យឃើញកាំភ្លើងសៀតនឹងចង្កេះ និងបានបង្ហោះវីដេអូនោះជាសាធារណៈ។ ពួកគេបានសារភាពទទួលកំហុសប្រព្រឹត្តខុសទៅលើលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលធ្វើឲ្យប៉ះពាល់ដល់រូបរាងកាយឯកជន និងយករូបភាពបង្ហោះក្នុងបណ្តាញព័ត៌មានសង្គម ប៉ះពាល់រូបភាពឯកជន និងបានសរសេរខ្លឹមសារចោទប្រកាន់ លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ខុសពីការពិត ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។

ពួកគេក៏សុំដកពាក្យបណ្តឹងចំពោះ វរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ពីប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ ហើយក៏សុំសន្យាថា ឈប់ប្រព្រឹត្តកំហុសឆ្គងបែបនេះទៀតហើយ បើសិនថ្ងៃក្រោយពួកគេនៅតែប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់ពួកគេសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នានោះ លោកអធិការនគរបាលខណ្ឌច្បារអំពៅ ក៏បានសុំគោលការណ៍លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញផងដែរ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ក៏ត្រូវបានលោកស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យការិយាល័យបុគ្គលិកឲ្យកិច្ចសន្យាអប់រំ និងព្រមានលើកទី១ ដើម្បីបញ្ឈប់រាល់សកម្មភាពខុសឆ្គងណាមួយនាំឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ៕