2023-09-21 05:09
162

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡង់គ្រីស័របុកជាមួយថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣នៅចំណុចភ្លើងស្តុប២៤ម៉ោងផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុរសម្នាក់ដែលជាអ្នកបើកបររថយន្តតូយ៉ូតាព្រូសបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2A-2994 ដោយបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកកម្ពុជាMDL7889 បើកបរដោយបុរសជនជាតិចិននិងអ្នករួមដំណើរ4-5នាក់បើកមកពីជើងទៅត្បូងមកបុករថយន្តរបស់គាត់ពេញទំហឹងធ្វើអោយរថយន្តវិល៤ទៅ៥ជុំឡើងវង្វេងស្មារតី ប៉ុន្តែសំណាងល្អហើយមិនគ្រោះថ្នាក់ដល់ជីវិត។ អ្នកបើកបររថយន្តព្រូសបានបន្តអោយដឹងទៀតថា ក្រោយពីជនជាតិចិនទាំងនោះបុករថយន្តគាត់ហើយពួកគេបានចុះពីលើរថយន្តឡើងជិះកង់បីចេញ ប៉ុន្តែបានសមត្ថកិច្ចប្រចាំការនៅគោលដៅ២៤ម៉ោងជួយធ្វើអន្តរាគមន៍ឃាត់អ្នកបើកបរបានម្នាក់ដើម្បីធ្វើការដោះស្រាយ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចដែលប្រចាំការនៅគោលដៅខាងលើនោះបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលអោយមានអ្នករងរបួសធ្ងន់នោះទេគ្រាន់តែអ្នកបើកបររថយន្តព្រូសរងរបួសស្រាលប៉ុណ្ណោះ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង ប៉ុន្តែយើងមិនទាន់ដឹងថាភាគីណាខុសឬត្រូវនោះទេមានតែខាងជំនាញផ្នែកចរាចរណ៍ចុះមកវាស់វែងសិនទើបដឹង។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយបន្ត។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! បើកបរដោយការទទួលខុសត្រូវខ្ពស់ គោរពច្បាប់ចរាចរណ៍គឺគោរពស្រលាញ់អាយុជីវិតខ្លួនឯងនិងអ្នកដទៃ! ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍៕