2023-09-21 08:09
173

ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា បានថ្លែងឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងខិតខំចរចាកំណត់ព្រំដែនគោក ជាមួយប្រទេសជិតខាងទាំងអស់ និងឈានទៅកំណត់ព្រំដែនសមុទ្របន្ថែមទៀត ដើម្បីឱ្យព្រំដែនមានសុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។

ជាក់ស្ដែងនៅចំពោះមុខសមាជិកព្រឹទ្ធសភា ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់ចំនួន ២បៀបវារៈ ទី១. សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងទី២.សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ គិតមកដល់ពេលនេះ បានធ្វើការខណ្ឌសីម៉ាបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម បានចំនួន៨៤ភាគរយ និងបានធ្វើការត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បានចំនួន៨៦ភាគរយ ។

លោករដ្ឋមន្ត្រី បានបន្តថា រកឃើញបង្គោលព្រំដែនគោក កម្ពុជា-ថៃ ចំនួន៧៣ទីតាំង ដែលស្មើនឹង៧៤បង្គោល ក្នុងនោះភាគីទាំងពីរ បានឯកភាពគ្នាចំនួន ៤២ទីតាំង ដែលស្មើនឹង ៤២បង្គោល និងពុំទាន់បានឯកភាពគ្នាចំនួន ៣១ទីតាំង ស្មើនឹង ៣២បង្គោល ។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ បានបន្ថែមថា ពាក់ព័ន្ធព្រំដែនសមុទ្ររវាងកម្ពុជាជាមួយថៃ និងជាមួយវៀតណាម មិនទាន់បានចរចាកំណត់ព្រំដែន ហើយនៅពេលចរចាកំណត់ព្រំដែនគោកបានចប់ ទើបនឹងធ្វើការចរចាព្រំដែនសមុទ្រជាមួយគ្នា ។

ជាមួយគ្នានេះ អ្នកនាំពាក្យព្រឹទ្ធសភាជាតិ លោក ម៉ម ប៊ុននាង   ក៏បានមានប្រសាសន៍ថា កិច្ចការព្រំដែនជាការងារអទិភាពមួយ ដ៏មានសារៈសំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ សំដៅធានារក្សាការពារ មិនឲ្យមានការរំលោភបានជាដាច់ខាត នូវអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច មានចំនួន១០មាត្រា ដោយអង្គប្រជុំព្រឹទ្ធសភាជាតិ បានពិនិត្យហើយឲ្យយោបល់ឯកភាពទាំងស្រុង និងឥតកែប្រែចំនួន ៥៩សំឡេង ខណៈសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងសំឡេង ៥៩ដូចគ្នា ៕