2023-09-22 08:09
334

ភ្នំពេញ៖     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខណៈមេឃកំពុងភ្លៀងស្រិចៗ បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនពីរកង់ រួចក៏រេចង្កូតទៅផ្លូវម្ខាងទៀតបុកជាមួយរថយន្តព្រូសមួយគ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុ នកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AQ-5779ធ្វើដំណើរតាមផ្លូវ លេខ២៨៩ ពីជើងទៅត្បូងក្នុងល្បឿនលឿន  លុះមកដល់ចំណុចកើតហេត្តខាងលើក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់អស់ចំនួនពីរកង់ ចំណែករថយន្តបង្កបានរេចង្កូតចូលទៅផ្លូវម្ខាងទៀតបុកជាមួយរថយន្ត ព្រូស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-7875ដែលកំពុងបើកបរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង ចំពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កខូចខ្ទេចផ្នែកខាងមុខទៅលែងរួច។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕