2023-09-22 08:09
290

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ដាក់ខ្នោះដៃនៅគ្រាមេឃកំពុងធ្លាក់ភ្លៀង ព្រោះសង្ស័យថាជននេះអាចដឹកជញ្ជូននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ខណៈដែលឆែកឆេរទៅឃើញមានម្សៅពណ៌ស១កញ្ចប់ ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅមេឃកំពុងធ្លាក់ភ្លៀង នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកអធិការនគរបាលស្រុកបាកានបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនខណៈកំពុងដឹកជញ្ជូនឬរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ ម៉េង ផាណាត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកអធិការបញ្ជាក់ទៀតថា ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ មានទម្ងន់ចំនួន៥.០២ក្រាម ទូរស័ព្ទ០១គ្រឿង និងម៉ូតូ០១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-5124។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី ៕