2023-09-22 08:09
132

ខេត្តតាកែវ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនគរបាលប៉ុស្ដិ៍រដ្ឋបាលរៀង សហការជាមួយនគរបាលស្រុក បានធ្វេីការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់កាលពីថ្ងៃទី២០ ខែកញ្ញា  ឆ្នាំ២០២៣ម្សិលមិញ ស្ថិតនៅភូមិវាយឈ្នះ ឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ 

 ក្នុងប្រតិបត្តិការនេះ ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់លោក ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង  ធ្វើការបង្ក្រាបបានករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ រួមមាន ៖ ទី១.ឈ្មោះ ប៊ុន ពិសិដ្ឋិ ភេទប្រុស អាយុ ២៧ ឆ្នាំ ទី២.ឈ្មោះ ខុម ពិសិដ្ឋិ ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣.ឈ្មោះ សុខ សីហា ភេទប្រុស អាយុ ៣២ ឆ្នាំ ទី៤.ឈ្មោះ ច្រេវ ផល្លីដា ភេទស្រី អាយុ ២៧ ឆ្នាំ អ្នកទាំងបួនរស់នៅភូមិវាយឈ្នះឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាចំនួន មួយកញ្ចប់  ជញ្ជីងចំនួនមួយ និងថង់ផ្លាស់ស្ទិកមួុយចំនួន ។

បច្ចុប្បន្ននេះ ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី ៕q