2023-09-22 11:09
152

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ចំណុចភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣។

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពីក្រោយនៅតាមបណ្តោយផ្លូវលេខ១៣០។
   នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកNISSAN DIESEL សេរីឆ្នាំ១៩៩៤ ក្បាលពណ៌ទឹកក្រូចលាយបៃតងនិងទ្រុងពណ៏ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ3A-3361 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណកំពុងឈប់រថយន្តលើផ្លូវដោយក្បាលរថយន្តបែរទៅទិសខាងលិច ពុំមានដាក់ភ្លើងសញ្ញ្ញានិងផ្លាកសញ្ញាសម្គាល់ឡើយ ។ ក្រោយមកស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក HONDA Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG-9862 ស៊េរីឆ្នាំ២០២៣ បើកបរដោយឈ្មោះ ខេង កុយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសីបើកពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុក៏បានបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។ ចំណែកអ្នកបើករថយន្តវិញក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

   ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងនិងបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិព្វានដើម្បីចាត់ការបន្តតាមនីតិវិធី៕