2023-09-22 04:09
154

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា សាខា ក.ប.ប. ខេត្តកោះកុង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ បានបន្តសកម្មភាពឃ្លាំអង្កេត និងត្រួតពិនិត្យអនុលោមទំនិញនៅលើទីផ្សារ ផ្ទះលក់ទំនិញ ដេប៉ូ/ឃ្លាំងស្តុកទំនិញ នានាស្ថិតក្នុងភូមិសាស្ត្រខេត្ត ខាងលើស្របតាមការចង្អុលបង្ហាញដោយច្បាប់មានជាធរមាន។ 

ជាក់ស្តែងមន្ត្រីជំនាញ កាលពីថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះរកឃើញ និងដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់រួមមានទឹកក្រូច ទឹកវីតាមីន នំកូនក្មេង គ្រាប់ឈូករ័ត្ន សរុបចំនួន ៩៣.៨៥គីឡូក្រាម បារីចំនួន ១០កញ្ចប់ និងភេសជ្ជៈរំលោភបំពានសិទ្ធិផ្ចាច់មុខចំនួន ១៨.៦លីត្រ។ 

ចំណែកម្ចាស់ទំនិញ មន្ត្រីជំនាញ បានធ្វើការពិន័យអន្តរការណ៍ ព្រមទាំងពន្យល់ណែនាំឱ្យយកចិត្តទុកដាក់ក្នុងការដាក់តាំងលក់ទំនិញ និងត្រួតពិនិត្យមើលសុពលភាពរបស់ទំនិញជាប្រចាំ ជៀសវាងការធ្វេសប្រហែសលក់ផលិតផលដែលមិនអនុលោមតាមច្បាប់ ហួសអាយុកាលប្រើប្រាស់ ទៅដល់ដៃប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ផងដែរ។ 

ជាមួយគ្នានេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានចាត់វិធានការពិន័យអន្តរការណ៍លើដេប៉ូប្រេងឥន្ធនៈចំនួន ១ទីតាំង នៅក្នុងចំណោម ៦ស្ថានីយ ដេប៉ូដែលបានត្រួតពិនិត្យ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ ខេត្តកំពងចាម ដែលបានប៉ុនប៉ងកេងចំណេញឬបន្លំបរិមាណ(ចំនួនលីត្រ)ពីអ្នកប្រើប្រាស់ ក្រោយពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ៕