2023-09-27 03:09
280

ភ្នំពេញ៖ នៅក្នុងជំនួបសំម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វើឡើង នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតីនាយកដ្ឋមន្ត្រី បានទទួលស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានជម្រាបពីលទ្ធផលល្អដែលសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុងញូវយ៉ក, ជាពិសេស នាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ។

ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិកតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID)។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ ១- ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន ២- ការការពារបរិស្ថានប្រកបដោយចិរភាព ៣- ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង៤- ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោល គឺ៖ ១- ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជា ២- ធ្វើសាមញ្ញកម្មនីតិវិធីនៅពេលបញ្ជូន និង៣- រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរអាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្ម ទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។

ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ថា «រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនឱ្យបានរហ័សទាន់ពេល និងជោគជ័យប្រកបដោយកាយវិការ នៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន»។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចប្រតិបត្តិការ នៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត ។

ជាកិច្ចបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕