2023-09-27 03:09
273

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាស្ត្រ ចំនួន ៥ចំណុចសំខាន់ៗ ដើម្បីជម្រុញឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពី ការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។

ខាងលើនេះជាខ្លឹមសារ នៃសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ប្រធានបទឆ្នាំ២០២៣ នេះ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែមទៀត ពីតួនាទី នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ។ ជាការពិតណាស់ ក្នុងមួយទសវត្សរ៍ ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែ ជាអកុសល ការរីកចម្រើនវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ ជាការកត់សម្គាល់ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា កន្លងទៅ កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាព ដោយផ្តល់នូវភាពអំណោយផលដល់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ នៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់។ ជាលទ្ធផលរយៈពេល ៨ខែ ឆ្នាំ២០២៣ នេះ កម្ពុជាបានទទួលទេសចរ អន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងកម្រិត៨០% នៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯទេសចរជាតិមានប្រមាណ ១២,៣៨ លាននាក់ កើនឡើង ៦២,៥%។ ឆ្នាំ២០២៣ នេះ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។
ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួម ចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមក។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្តេចអិបតីនាយករដ្ឋមន្ត្រី បានប្តេជ្ញាបន្តនូវ វីរភាពគំរូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពី ការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅសម្តេធិបតីបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១- ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការគាំទ្រក្រសួងទេសចរណ៍ ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យនៃការទាក់ទាញ និងការរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ និងចូលរួមជំរុញដល់យុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ។
២- ត្រូវបង្កើនការវិនិយោគ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាម ចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ ក្នុងបរិការណ៍នេះ សូមក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការអនុវត្តស្តង់ដារសណ្ឋាគារបៃតង អាស៊ាន និងឈានទៅបង្កើតស្តង់ដារបៃតងសម្រាប់សេវាទេសចរណ៍នានា សំដៅចូលរួមសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
៣- ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និង សហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ ការណ៍នេះ យើងត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពី ការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៤- បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ ដទៃទៀត។ ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដល់ក្រសួងទេសចរណ៍ ដែលកន្លងមក បានអនុវត្តប្រកបដោយជោគជ័យនូវ “វិធានការគោលនយោបាយជំរុញទេសចរណ៍ ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣”។
៥- ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និង ជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យ ទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និង បរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។

ជាទីបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមជូនពរឱ្យការរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់៕