2023-09-27 10:09
654

ភ្នំពេញ៖ ក្រោយមានការរិះគន់ពីគ្រប់មជ្ឈដ្ឋានទៅលើគោលនយោបាយថ្មី ក្នុងការអនុវត្តការប្រមូលពន្ធអាកផ្សេងៗធ្វើឲ្យមានការផ្ទុះកក្រើកលើបណ្តាញសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមនានា នៅព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារសម្លេងពិសេសទៅកាន់មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋជាអាជីវករថា “ចាប់តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតមកពុំទាន់មានការបង្កើនពន្ធបន្ថែម ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ និងអាជីវករនោះទេ ហើយចំពោះការគិតគូរត្រូវនឹងធ្វើសម្រាប់ជាកញ្ចប់ ឬវិធានកាអន្តរាគមន៍នៅខែវិច្ឆិកា គឺពិចារណាក្នុងក្របខ័ណ្ឌពន្ធដែលមានស្រាប់ប៉ុណ្ណោះ”។ 

 សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារសម្លេងពិសេស ជូនមន្ត្រីរដ្ឋាភិបាល ដោយបានលើកឡើងថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានព័ត៌មាន និងការរំជើបរំជួល នៅក្នុងបណ្ដាញសង្គម ពាក់ព័ន្ធទៅនឹងបទសម្ភាសន៍មួយរបស់ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការប្រមូលពន្ធមូលធន ដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ នាពេលខាងមុខ”។ 

 សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា “ពាក់ព័ន្ធនឹងកិច្ចការងារនេះ សម្ដេចបានឲ្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការបំភ្លឺពាក់ព័ន្ធទៅនឹងកិច្ចការផ្សេងៗ ពាក់ព័ន្ធកិច្ចការងារប្រមូលពន្ធនេះ”។ 

 សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បន្ថែមថា “ពន្ធនេះមិនមែនជាពន្ធប្រភេទថ្មីដែលទើបនឹងបង្កើតឡើងនោះទេ ហើយកន្លងទៅយើងបានពន្យាក្នុងការអនុវត្ត រយៈពេលពីរបីបួនឆ្នាំកន្លងមកហើយ រហូតដល់ឆ្នាំ ២០២៤ យើងត្រូវអនុវត្តឡើងវិញ។ តាមអ្វីដែលឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងបទសម្ភាសន៍នោះ គឺគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ ក្នុងករណីមិនមានអ្វីប្រែប្រួល”។ 

 ចំពោះអ្វីដែលជាក់ស្ដែង សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា “គោលការណ៍នៃការអនុវត្តចុងក្រោយនោះមិនទាន់មានការសម្រេចរបស់រាជរដ្ឋាភិបាលនៅឡើយទេ នៅឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា? កិច្ចការងារនេះសម្ដេចបានប្រគល់ឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ គ្រងនឹងធ្វើវេទិកាវិស័យឯកជនជាមួយនឹងរាជរដ្ឋាភិបាល នៅខែវិច្ឆិកាខាងមុខនេះ ដែលត្រូវពិនិត្យលើកញ្ចប់ថវិកាមួយចំនួន ដើម្បីជួយដល់វិស័យឯកជន ដែលជាចលកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ”។ 

 សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “កិច្ចការងារនេះបានប្រគល់ឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងមន្ត្រីជំនាញសិក្សាពិគ្រោះយោបលជាបន្តបន្តាប់គ្រប់ភាគីពាក់ព័ន្ធក្នុងវស័យឯកជនដើម្បីស្តាប់នូវសំណូមពរផ្សេងៗពីវិស័យឯកជន ដើម្បីយកមកពិចារណាហើយរៀបចំជាកញ្ចប់ វិធានការជួយទៅដល់វិស័យឯកជនក៏ដូចជាការលើកទឹកចិត្តផ្សេងៗ”។ 

 សម្តេចធិបតិនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ក្នុងនោះក៏មានការជជែកគ្នាអំពីបញ្ហាពន្ធអាក បញ្ហាពន្ធ....និងការលើកទឹកចិត្តផ្សេងៗផងដែរ ដែលគ្រោងនឹងប្រកាសពេលដែលជួបជាមួយវិស័យឯកជននៅខែវិច្ឆិកាខាងមុខនេះ”។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ ចាប់តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតពុំទាន់មានការបង្កើនពន្ធបន្ថែម ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ និងអាជីវករនោះទេ ហើយចំពោះការគិតគូរត្រូវនឹងធ្វើសម្រាប់ជាកញ្ចប់ ឬវិធានកាអន្តរាគមន៍នៅខែវិច្ឆិកា គឺពិចារណាក្នុងក្របខ័ណ្ឌពន្ធដែលមានស្រាប់ប៉ុណ្ណោះ”៕