2023-09-28 12:09
370

ភ្នំពេញ៖ ដូចការគ្រោងទុកឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំមបូងរបស់ខ្លួននៅកម្ពុជា ដើម្បីតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូត្រូវទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតសំណាក់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រលានយន្តអន្តរជាតិភ្នំពេញ រហូតនៅវិមានសន្តិភាព ប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា យោងតាមសេចក្តីប្រកាព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ កាលពីថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ហើយកិច្ចដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរក៏នឹងប្រជុំបិតទ្វា ដើម្បីពិភាក្សាកិច្ចការងារសំខាន់ៗជាច្រើនផងដែរ៕