2023-10-01 02:10
393

ភ្នំពេញ៖ ការជួយមនុស្សចាស់ គឺជួយយើង ទាំងអស់គ្នា គឺជាប្រធានបទដ៏មានសារសំខាន់បំផុត ដែលបានដាលចេញ នាឱកាសដែលប្រជាជាតិទូទាំងពិភពលោកប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ 

 ដើម្បីចូលរួមអបអសារទរទិវាមនុស្សចាស់ ថ្ងៃទី០១ តុលា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសាលិខិតក្នុងនាមរាជរដ្ឋាភិបាល សម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាសទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា ដែលជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់ មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់ តែខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។ 

 ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ 

 សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ «ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះ រាជរដ្ឋាភិបាល បានកសាងលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ មកសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការមូលនិធិជំនួយសង្គម»។ 

 សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យ សង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ ការ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។

 ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន ៤ គឺ៖ ១- ចីរភាពនៃកម្មវិធី ២- លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ,៣- ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍ របស់រដ្ឋលើគ្រួសារក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ និង៤-ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។ 

 ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ មនុស្សវ័យចាស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអំពាវនាវដូចខាងក្រោម៖ 

 ១- ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង។

 ២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយនៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខនិងជួយឧបត្ថម្ភ ដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍។ 

 ៣- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា សូមជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជា ដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការមនុស្សចាស់ជរា មានជំងឺក្រីក្រគ្មានទីពឹង។ 

 ៤- កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុ និងទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារ ថវិកា បច្ចេកទេសសម្រាប់ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាន និងកំពុងជួបប្រទះ ការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

 ៥- សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សូមបន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំសីលធម៌និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបឱ្យចេះគោរពព្រឹទ្ធាចារ្យនិងចេះថែទាំ មនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរយើង។

 ៦- គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូនចៅ និងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរព ព្រឹទ្ធាចារ្យ។ 

 ៧- សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រគ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ ជាពិសេសនៅទីវត្តអារាមវិហារសាសនាដែលអាចជួយផ្ដល់ជាទីជម្រកឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន។

 ៨- គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន សូមជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវស្នាដៃ និងសមិទ្ធផលនានាដែលមនុស្សវ័យចាស់បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានាដែលបង្ហាញអំពីការយកចិត្តទុកដាក់និង លើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់នៅក្នុងសង្គមកម្ពុជាយើង៕