2023-10-03 03:10
343

ភ្នំពេញ៖ នៅចំពោះមុខបងប្អូនកម្មករ កម្មការិនីជិត ២ម៉ឺននាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននឹងបន្តមិនយកពន្ធលើដីបង្កបង្កើនផលកសិកម្ម និងដីស្រែចំការមានលក្ខណៈគ្រួសារ និងសម្ភារៈកសិកម្មពីបងប្អូនប្រជាពលរដ្ឋឡើយ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ខ្ញុំសូមជម្រាបជួនបងប្អូនប្រជាពលរដ្ឋ ជាការប្តេជ្ញាចិត្តរបស់គោលនយោបាយរបស់គណបក្សប្រជាជន បន្តទៅលើការមិនយកពន្ធ ដូចជា៖ ទី១- មិនយកពន្ធលើដីស្រែកសិកម្មមានលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ទី២- មិនយកពន្ធលើសម្ភារៈកសិកម្មទេ ទី៣- មិនយកពន្ធលើកសិផលកសិកម្ម និងទី៤- មិនយកពន្ធលើអចលនទ្រព្យតម្លៃថោកជាង ១០០លានរៀ ឬ២៥ ០០០ដុល្លារនោះទេ”។ 

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “តម្លៃពន្ធប្រថាប់ត្រាតម្លៃក្រោម ៧ម៉ឺនដុល្លារ រដ្ឋមិនយកពន្ធទេ ហើយពន្ធប្រថាប់ត្រាផ្ទេរទ្រពីឪពុកម្តាយមកកូន ពីយាយតាមកចៅ ប្តីទៅប្រពន្ធសម្រាប់អំណោយមួយលើកសម្រាប់មរតកនោះរដ្ឋនៅបន្តមិនយកពន្ធ”។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា “សម្រាប់ពន្ធតូច ដូចជា ម៉ូតូ កង់បីស្អីហ្នឹង រដ្ឋបន្តមិនយកពន្ធទេ”។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “រាជរដ្ឋាភិបាលនីតិកាលថ្មី មិនមានបង្កើតច្បាប់ពន្ធថ្មីនោះទេ ហើយនៅបន្តអនុវត្តន៍នូវអ្វីដែលយើងមានស្រាប់ធ្លាប់ដាក់នាពេលកន្លងមក”។ 

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និងនិយោជិត លើកទី៥ នៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា៕