2023-10-03 04:10
412

ភ្នំពេញ៖ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “រាជរដ្ឋាភិបាល​បន្តនយោបាយមិនយកភាស៊ីពីការលក់ដូរតិចតួចតាមកញ្ជើរ កញ្រ្ចែង ល្អីនៅតាមផ្សារឡើយ”។

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និយោជិតជាង ១ ៨០០០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ចំពោះការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើរ ល្អី លើទីផ្សារនានារដ្ឋបន្តគោលនយោបាយមិនយកភាស៊ីទេ”។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “កន្លងមកមានការជ្រួលច្របល់រឿងនេះ។ អត់ទេរដ្ឋាភិបាលអត់មានមានគោលការណ៍យកទេ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមើលប្រយ័ត្នមានអ្នកប្រមូលភាស៊ីហ្នឹង គឺខុសហើយ”។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “បងប្អូនអាជីវករដែលលក់ដូរលើទីផ្សាររដ្ឋ គឺបងប្អូនមានសិទ្ធអាស្រ័យផលលើតូប រាន ស្តង់ និងមានសិទ្ធផ្ទេរសិទ្ធទាំងនោះឲ្យទៅកូនចៅ និងអ្នកដ៏ទៃបាន។ នេះជាអ្វីដែលយើងបានអនុវត្តន៍កន្លងទៅហើយនឹងបន្តធ្វើដូចរដ្ឋាភិបាលមុន ដោយមិនបង្កើតថ្មី មិនដំណើងពន្ធដែលមានស្រាប់ និងអាចបន្ធូបន្ថយថែមទៀត ក្រោយពេលមានការជួបពិគ្រោះយោបលជាវិស័យឯកជននៅខែវិច្ឆិកាខាងមុខនេះ”៕