2023-10-05 01:10
301

ភ្នំពេញ៖ «ទិវាគ្រូបង្រៀន គឺជាឱកាសមួយដើម្បីរំឭកគុណគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន ផ្ទេរចំណោះដឹង និងជំនាញតាមគ្រប់រូបភាពដល់សិស្សានុសិស្ស និស្សិត និងយុវជនគ្រប់រូប»  នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព»។

ទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» បានប្ររព្វធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នេះជាការពិតណាស់អត់មានអ្នកណាប្រកែកបានទេ រួមទាំងលោកគ្រូ អ្នកគ្រូខ្លួនឯងផង ដែលដើរមកដល់អង្គុយនៅទីនេះសុទ្ធតែឆ្លងកាត់ថ្នាក់បឋម បើគ្មានគ្រូបង្រៀនថ្នាក់ទី១ ដែលខ្ញុំឧស្សានិយាយ «ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ដោយចេះសរសេរ ចេះអាន ដោយសារគុណគ្រូថ្នាក់ទី១ ដែលបានបង្រៀនចាប់ផ្តើមពីអក្សរ “ក និងលេខ១” បើគ្មានមូលដ្ឋានពីអក្ស “ក” ទេមិនអាចចាប់រៀនរហូតដល់ភាសារបរទេស ហើយបើមិនចេះសរសេរលេខ “១” ក៏មិនអាចសរសេរដល់ ១ពាន់លានបានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «អញ្ចឹងបើមិនបានរៀនមូលដ្ឋានថ្នាក់បឋម ថ្នាក់មតេយ្យយើងមិនអាចឈានដល់នេះអញ្ចឹងគុណគ្រូ ដែលពាក្យខ្មែរយើងតែងតែពោលថា “គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត គ្រូជាឪពុកម្តាយទីពីរ”។ ឪពុកម្តាយទី១ បង្កើតយើងមកឱ្យមានជីវិត ចិញ្ចឹមបីបាច់់ថែរក្សាយើងសព្វគ្រប់បែបយ៉ាងប្រឹងប្រែងរស់ អប់រំ បណ្តុះបណ្តាលមួយចំនួន ប៉ុន្តែក្រៅពីនៅគ្រូនៅសាលាដែលអាចបណ្តុះបណ្តាលនូវបំនិនជីវិត ក៏ដូចជាចំណេះឱ្យយើងមានសមត្ថកិច្ចភាពអាចរួចរួមជាធនធានអភិវឌ្ឍន៍ប្រទេសជាតិបាន»៕