2023-10-06 03:10
278

ព្រះករុណាព្រះមហាក្ស មានជំនឿយ៉ាងមុតមាំថា “ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិនឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ”

ភ្នំពេញ៖ ករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិនឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូរណ៌រុងរឿង រស់ក្នុងសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ”។

ខាងលើនេះ ជាព្រះរាជបន្ទូលនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះវរោកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរ ទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើង នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងពិធីនោះមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ពីសំណាក់សម្តេចថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ព្រះករុណាព្រះមហាក្ស បានកោតសរសើរដោយស្មោះអស់ពីហឫទ័យចំពោះ សម្តេច ឯកឧត្តម និងលោកជំទាវ ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព ស់ន្តិភាព សេចក្តីសុខ ជីវភាពសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ និងស្ថិរភាពសង្គ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលទៀតថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្តងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ យុត្តិធម៌តែម៉ឺងម៉ាត់ និងមានទេពកោសល្យប្រកបដោយបរិយាបន្ន របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមកមានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យឈានទៅទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

នៅក្នុងពេលនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានបន្ទូលកោតសរសើរជាទីបំផុត ចំពោះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យប៉ិនប្រសប់ និងឈ្លាសវៃ។ ជាពិសេស សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឡើងមក។ ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់មួយដែលមានការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុង ព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពី ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតដែលឆ្លងរួចហើយ នោះក៏បានយកសេចក្ដីពងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរពនិងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលយើងទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ ។ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣មក។

ឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវការកោតសរសើរ និងដឹងគុណ ចំពោះបញ្ញវ័ន្ត បញ្ញវន្តី ផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី ៣០ឆ្នាំមុន។ 

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា «ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បី ធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើង ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ»៕