2023-10-08 01:10
272

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់វិធានការបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជៀសផុតពីគ្រោះថ្នាក់ដោសារសង្គ្រាមបង្កឡើងដោយក្រុមហាម៉ាស់ និងបានសម្តេងការសោកស្តាយ និងមរណៈទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនិស្សិតខ្មែម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលផ្ទុះឡើងកាលពីថ្ងៃម្សិលមិញនេះ។
    នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រីបានផ្ញើរសារសម្លេងពិសេសសម្តែងនូវការសោកស្តាយ  និងមរណ:ទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនិស្សិតដែលរងគ្រោះបាង់បង់ជីវិត  និងខិតខំសហការក្នុងការជួយសង្គ្រោះដល់និស្សិត  និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម  នៃការប៉ះទង្គិចគ្នារវាងអ៉ីស្រាអែល  និងអាម៉ាស់។
    សម្តេចនាយលរដ្ឋមន្ត្រីបានថ្លែងថា «ជូនចំពោះបងប្អូនកម្ពុជា រាជរដ្ឋាភិបាលទទួលដំណឹងមរណភាព របស់និស្សិតខ្មែរយើងម្នាក់ ដែលទទួលរងគ្រោះនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ»។
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ចាប់តាំងពីមានសភាពការណ៍ប្រយុទ្ធគ្នានៅអ៊ីស្រាអែល រាជរដ្ឋាភិបាលបានចាត់វិធានាការទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានានូវសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋខ្មែរហើយក្នុងមួយយប់នេះយើងបានទំនាក់ទំនងបានភាគច្រើនជាមួយពលរដ្ឋ និងនិស្សិតខ្មែរដោយកំណត់ទីតាំងរស់នៅរបស់ពួកគាត់ និងមានខិតខំសង្គ្រោះនិស្សិតខ្មែរ ០៣រូប មានម្នាក់បានស្លាប់ និង ០២រូបសង្គ្រោះចេញពីតំបន់ក្រហមមកកាន់កន្លែងសុវត្ថិភាពដោយស្នាក់នៅជាមួយកុងស៊ុលកិត្តិយសកម្ពុជានៅអ៊ីស្រាអែល»។
    សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «កិច្ចការងារនេះ គឺសំខាន់ណាស់ក្នុងការដោះស្រាយជួយសង្គ្រោះពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសិក្សានៅប្រទេសអ៊ីស្រាអែល ដូច្នេះរាជរដ្ឋាភិបាល ក៏ដូចក្រសួងការបរទេស និងសហប្រតិបត្តិការ ក្រសួងសិកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធបានធ្វើការជាប្រចាំជាមួយដៃគូរនៅប្រទេសអ៊ីស្រាអែល ធ្វើយ៉ាងណា ទីមួយគឺធ្វើការសហការជាមួយនឹងអាជ្ញាធរអ៊ីសាអែល សមត្ថកិច្ចអ៊ីស្រាអែលដើម្បីផ្ដល់ការការពារនូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរយើងទៅនៅទីនោះ យើងអាចទាក់ទងនឹងដឹងពីសុខទុក្ខរបស់គាត់នឹងអាចផ្ដល់នូវការចាត់ការសម្របសម្រួលជាមួយអាជ្ញាធរច្រើនជួយគាត់»។
   ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល រក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន និងស្តាប់ឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។
   សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ចំពោះគ្រួសារបស់និស្សិតរបស់យើងដែលបានទទួលមរណភាពខ្ញុំសូមសម្តែងការសោកស្តាយជាពនពេលដែលបានបាត់បង់នូវបងប្អូន កូន ចៅ ជាទីស្រឡាញ់ហើយរាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីសម្របសម្រួលទៅតាមពេលវេលាដែលអាចធ្វើទៅបានក្នុងការចាត់ចែងបុណ្យសពរបស់និស្សិតដែលទទួលមរណភាពនោះឲ្យបានសមរម្យ ជាពិសេសខិតខំសម្របសម្រួលដើម្បីធ្វើមាតុភូមិនិវត្តន៍សពនិស្សិតរបស់យើងមកកាន់ប្រទេសកម្ពុជា»។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «សម្រាប់កិច្ចការងាររៀបចំនៃពិធីបុណ្យសពនិស្សិតដែលស្លាប់ក្នុងការប្រយុទ្ធគ្នានៅអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់នេះ ជាបន្ទុករបស់រាជរដ្ឋាភិបាល»៕