2023-10-09 04:10
286

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទីព្រឹក ឧត្ដមក្រុមប្រឹក្សានៃ អង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៧ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន៧។ 

សម័យប្រជុំលើកទី៣៧ របស់ក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រព្រឹត្តប្រកបដោយភាពជោគជ័យ និងទទួលបាននូវលទ្ធផលដូចខាងក្រោម៖ 
របៀបវារៈទី១៖ ពិនិត្យ សម្រេច តែងតាំងប្រធានតុលាការកំពូល និងការពិនិត្យ សម្រេច អំពីការផ្ទេរ តែងតាំង ប្រធាន អនុប្រធាន និងចៅក្រម មួយចំនួន៖ អង្គប្រជុំបានសម្រេចយល់ព្រមស្ទើតែងតាំង ឯកឧត្តម ជីវ កេង ជា ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងការផ្ទេរ តែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម ចំនួន ៤៧រូបផ្សេងទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។ 

របៀបវារៈទី២៖ ពិគ្រោះយោបល់ លើសំណុំផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រម លើសំណើផ្ទេរ និងតែងតាំងមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបចំនួន ២៥រូប នៅមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។ 

របៀបវារៈទី៣៖ ពិនិត្យ និងសម្រេច លើសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរយៈពេល ០២ឆ្នាំ របស់ចៅក្រម ០១រូប នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ៖ អង្គប្រជុំបានសម្រេចអនុញ្ញាតឱ្យលោកស្រី រស់ បូផាណា ចៅក្រមសាលាឧទ្ធរណ៍ ត្បូងឃ្មុំ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល ២(ពីរ)ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ 

របៀបវារៈទី៤៖ ពិនិត្យ និងសម្រច អំពីសំណើសុំចូលបម្រើការងារនៅអង្គភាពដើមវិញ របស់ឯកឧត្តម អ៊ុត សម្ផស្ស អតីតអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ៖ អង្គប្រជុំបានសម្រេចអនុញ្ញាតឱ្យឯកឧត្តម អ៊ុត សម្ផស្ស ចូល បំពេញមុខងារជាចៅក្រមនៅអង្គភាពដើមវិញ និងស្ទើតែងតាំងមុខតំណែងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។ 
របៀបវារៈទី៥៖ ពិនិត្យ និងសម្រេចលើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រមកម្មសិក្សា ចំនួន ៤០រូប៖ អង្គប្រជុំបានសម្រេចយល់ព្រមលើសំណើសុំតាំងស៊ប់ចំពោះចៅក្រមកម្មសិក្សា ៤០រូប ដោយស្ថិត ក្នុងឋានន្តរស័ក្ដិជាអនុចៅក្រម ថ្នាក់លេខ៤ នៃក្របខណ្ឌចៅក្រម គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នឹងចាត់ឱ្យទៅបំពេញការងារនៅសាលាដំបូងរាជធានី-ខេត្ត។ 

របៀបវារៈទី៦៖ ពិគ្រោះយោបល់ លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារង កម្មសិក្សាចំនួន ១៦រូប តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើ សុំតាំងស៊ប់ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ១៦រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុព្រះរាជអាជ្ញា ថ្នាក់លេខ៤ នៃក្របខណ្ឌព្រះរាជអាជ្ញា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣. និងចាត់ឱ្យទៅបំពេញការងារនៅអយ្យការ អមសាលាដំបូងខេត្ត។ 

របៀបវារៈទី៧៖ បញ្ហាផ្សេងៗ ចំពោះរបៀបវារៈនេះ ដោយយោងទៅលើការចាំបាច់ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទូលស្នើសុំអង្គប្រជុំដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ អំពីការស្នើតែងតាំង ជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សា ចំពោះសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១០ ចំនួន ៥៥រូប នៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយក្នុងនោះមាន សិស្សចៅក្រមចំនួន ៣៥រូប និងសិស្សព្រះរាជអាជ្ញាចំនួន ២០រូប ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនប្រកប ដោយជោគជ័យ។ ជាលទ្ធផលអង្គប្រជុំបានឯកភាពយល់ព្រមស្ទើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជ- អាជ្ញារងកម្មសិក្សា និងចាត់ឱ្យទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត។ 

ជាទីបញ្ចប់នៃកិច្ចប្រជុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារ របស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ព្រះករុណាព្រះប្រធាន ព្រះអង្គបានប្រកាសបិទសម័យប្រជុំលើកទី៣៧ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកបដោយជោគជ័យ និងបរិយាកាសល្អប្រសើរ៕