2023-10-09 04:10
294

នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់ លោកខាងមុខ។

ក្នុងកិច្ចបំពេញកុសលប្រកបដោយមង្គលជ្រះថ្លានោះដែរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធិក្នុងលោក ទេវតាអភិបាលរក្សាទីអារាមវត្តមុនីប្រសិទ្ធិវង្ស និងបន្តប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល ដោយមានព្រះសង្ឃនិមន្តស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូល រាប់បាត្រ វេភត្តាហារ ពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ ៕