2023-10-17 09:10
309

ប៉េកាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ នេះ បានអនុញ្ញាតឲ្យលោក វ័ង ប៉ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ចិន បានបញ្ជាក់ថា “ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជា ចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០លានដុល្លារ លើវិស័យថាមពលហ្គាស”។

លោក វ័ង ប៉ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន China Machinery Engineering Corporation ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។

ថ្នាក់ដឹកនាំក្រុមហ៊ុន China Machinery Engineering Corporation បានថ្លែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលកន្លងមក  និងបានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្ត សម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយសាទរ ចំពោះជោគជ័យរបស់ក្រុមហ៊ុន China Machinery Engineering Corporation លើការវិនិយោគក្នុងប្រទេសកម្ពុជា ហើយជសម្តេចធិបតីក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុន China Machinery Engineering Corporation ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CMECChina Machinery Engineering Corporation ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា៕