2023-10-17 04:10
272

ប៉េកាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបជាមួយក្រុមហ៊ុន China Railway Construction Corporation (CRCC) សម្តេចបានសង្កត់ធ្ងន់លើទិសដៅ នៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

នៅក្នុងជំនួបនេះ លោក វ័ន ជៀនភីង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់ឱកាសដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ក៏ដូចជាចំពោះការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក។ 

ក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានជម្រាបជូនសម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគ សរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០លានដុល្លារអាមេរិក។

ចំពោះទិសដៅអនាគតក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន ០៣បន្ថែមទៀត រួមមាន៖ ១- មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, ២- គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត, ៣- គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។ 

ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស  សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ គឺ ទី១- ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និង ទី២- ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីផងដែរ៕