2023-10-24 04:10
367

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកការគាំពារសុខុមាលភាពប្រជាជន ជាវិស័យអាទិភាព ក្រោមទិសស្លោក “មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ” 

ការលើកឡើងរបស់ សម្តេចនាយរដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារជនងាយរងហានិភ័យ”។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកទ្បើងថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាពេទ្យដែលធំជាងគេនៅកម្ពុជា ហើយអាចអនុញ្ញាតឱ្យអ្នកជំងឺប្រមាណជាងមួយម៉ឺននាក់សម្រាក និងព្យាបាលប្រកបដោយគុណភាព និងភាពជឿជាក់ ដើម្បីទទួលបានការជួយសង្គ្រោះអាយុជីវិត។ អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត គឺសបញ្ជាក់អំពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយក្នុងដំណាក់កាលនោះ មិនមានប្រទេសណាមួយបានត្រៀមលក្ខណៈទុកជាមុនសម្រាប់ជំងឺឆ្លងរីករាលដាលទ្រង់ទ្រាយធំកម្រិតសាកលបែបនោះទ្បើយ ជាពិសេស ការបង្កនូវហានិភ័យដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ច តាមរយៈការវាយប្រហារព្រមៗគ្នាលើគ្រប់បណ្តាប្រទេសទូទាំងសាកលលោក។ 

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ដោយឈរលើមូលដ្ឋានខាងលើ ទើបរាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យដ៏ធំនេះឡើង ដើម្បីត្រៀមបង្ការការរាតត្បាតឡើងវិញនៃជំងឺកូវីដ-១៩ ឬជំងឺឆ្លងប្រភេទផ្សេងៗទៀត នាពេលខាងមុខ ហើយក៏អាចជាទីកន្លែងសម្រាប់ពិនិត្យ និងព្យាបាល ជូនដល់ប្រជាជន ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងជាយុទ្ធសាស្ត្រក្នុងការត្រៀមការពារស្ថានការណ៍យថាហេតុរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគុណតម្លៃនៃអាជីពជាពេទ្យ ដោយបានប្រៀបប្រដូចអាជីពនេះទៅនឹងទេវតា ហេតុនេះហើយ ការវិនិយោគទៅលើវិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ។ 

បំណងរបស់រាជរដ្ឋាភិបាល គឺផ្តល់អាទិភាពជូនដល់ប្រជាពលរដ្ឋ (ការផ្តល់សន្ទូច) ដើម្បីអាចទៅរកត្រីដោយខ្លួនឯង ដែលនឹងក្លាយជានិរន្តភាពនៃការរស់នៅ ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនព្រងើយកន្កើយក្នុងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពស្ទូចត្រីនោះទើ្បយ ព្រោះកត្តាប្រឈមទាំងផ្នែកសុខភាព ឬផ្នែកណាមួយ យើងបានផ្តល់សេវាជួយថែទាំយ៉ាងយកចិត្តទុកដាក់ និងមានការគិតគូរខ្ពស់ទាំងលើសេវាសុខាភិបាល ឬសេវាសង្គមផ្សេងៗ។ 

ក្នុងន័យនេះ ការផ្តល់សេវាសុខភាព ឆ្ពោះទៅការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដោយកំណត់ការបែងចែកផ្លែផ្កា និងផលលាភ នៃការអភិវឌ្ឍប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាល គឺជួយដល់ប្រជាពលរដ្ឋចំគោលដៅនៃតម្រូវការ, ការលំបាក និងភាពចាំបាច់ ដើម្បីទទួលបាននូវសេវាកាន់តែល្អប្រសើរ ប្រយោជន៍លើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែសម្បូរសប្បាយ ។ 

សម្តេចធិបតី ក៏មានប្រសាសន៍ផងដែរថា ពេលនេះរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនងាយរងហានិភ័យ” មានចំនួនសរុប ៤៩៣.៤៧៧ គ្រួសារ ឬស្មើនឹង ១.៨៣៤.៨០១ នាក់ ដែលនឹងទទួលបានការគាំពារសុខភាពពីរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ក្នុងនោះរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ, សេវាពន្យាកំណើត, សេវាសម្រាកព្យាបាលទូទៅ, សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលវះកាត់តូច, សេវាព្យាបាលវះកាត់ធំ និងសេវាសម្រាលកូន។ 

មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺនឹងធានាឱ្យបានជាមន្ទីរពេទ្យរដ្ឋ ជាទីកន្លែងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ និងជាទីពឹងពាក់ដ៏គួរឱ្យទុកចិត្តរបស់ប្រជាជនកម្ពុជា៕