2023-11-01 06:11
303

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា , នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាស ដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា : ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក ក្នុងនោះរួមមាន : 
(១) ការដាក់ចេញនូវ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ 

និង(២) ការបង្កើត «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ដែលសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ 

ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជាពិសេស លោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសចិនចំនួន ០២ លើក កន្លងមក។

ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ៕