2023-11-06 02:11
367

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង លោក លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែបកម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ។

លោក លូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លូវ ឈីនជៀន និងសហការី នៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងនិងពង្រីកនូវចំណងមិត្តភាព (មិត្តភាពដែកថែប) សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ហើយមិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ គឺមានការត្រួសត្រាយផ្លូវដោយ “ព្រះបរមរតនកោដ្ឋ” និងដែលបានក្លាយជាកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ដែលកាន់តែមានភាពរឹងមាំ និងល្អប្រសើរថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកគំាទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សមិទ្ធផលជាច្រើនមានដូច៖ ស្ពាន ថ្នល់ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានជាដើម ដែលគម្រោងខ្លះបានបញ្ចប់ការសាងសង់ និងគម្រោងខ្លះកំពុងអនុវត្ត បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍នៅកម្ពុជា និងបានលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា «ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិនជាចំណងមិត្តភាពគំរូមួយដែលចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ច មានពលរដ្ឋ ជាង ១,៤០០លាននាក់ បានចងសម្ព័ន្ធភាពជាមួយកម្ពុជាដែលមានពលរដ្ឋប្រមាណ ១៧លាននាក់។ ចំណងមិត្តភាពនេះ មានភាពស្មោះត្រង់ ជឿជាក់ គោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព និងឯករាជ្យភាព ព្រមទាំងបានផ្តល់ផលប្រយោជន៍ ជូនប្រទេសជាតិ និងពលរដ្ឋទំាងសងខាង»។

រដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសមនោះ ថា “ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ខ្ញុំចង់ឃើញវឌ្ឍនភាពបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាព និងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម, កសិកម្ម, ការវិនិយោគ និងវប្បធម៌ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

គួរជម្រាបផងដែរថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀត រវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរក្នុងកម្រិតថ្មីមួយទៀត។

នាឱកាសនោះដែរ លោក លូវ ឈីនជៀន បានចូលរួមអបអរសាទរលទ្ធផលបោះឆ្នោតជាសកលនៅកម្ពុជា កាលពីខែកក្កដាកន្លងមកនេះ និងកោតសរសើរជូនចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរេដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា។ លោកប្រធានគណៈប្រតិភូបានគូសបញ្ជាក់ថា «ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី រដ្ឋសភាកម្ពុជានឹងសម្រេចបាននូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន»។

លោកប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង ឯកឧត្តម ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទំាងប្រទេស នាពេលកន្លងមក។

ក្រៅពីការសន្យាថា នឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជានៅលើវិស័យទេសចរណ៍ ការវិនិយោគ វប្បធម៌ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី តាមរយៈ ឯកឧត្តម លូ ឈីនជៀន បានសំណូមពរជូនដល់ សភាប្រជាជនចិនទូទាំងប្រទេស នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយផងដែរដូចជាការបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ទាំងក្នុងកម្រិតគណៈកម្មការ ក្រុមមិត្តភាព និងកម្រិតអគ្គលេខាធិការដ្ឋានជាដើម។ 

ក្នុងនោះ សម្តេចរដ្ឋសភាធិបតីប្រធានរដ្ឋសភា បានស្នើភាគីចិនជួយគំាទ្រ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់មន្រ្តីអគ្គលេខាធិការដ្ឋាន ដើម្បីរដ្ឋសភាអាចសម្រេចបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ស្របតាមសម័យបច្ចេកវិទ្យានិងបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនតំណាងរាស្រ្ត។
ជាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់មិត្តចិនដែលបាននិងតែងតែយកចិត្តទុកដាក់ ថែទំាព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងហ្លួងម៉ែ ថ្វាយជូនសម្តេចទំាងទ្វេរ ដើម្បីគង់ជាម្លប់ដល់កូនចៅរបស់ព្រះអង្គនៅទូទំាងប្រទេស៕