2023-11-07 02:11
469

បន្ទាយមានជ័យ៖ អំពើឃាតកម្មដ៏សាហាវឃោរឃៅបាញ់សម្លាប់ជនជាតិបរទេសម្នាក់ ដាក់សាកសពក្នុងរថយន្តលិចស៊ីសមួយគ្រឿង រួចយកមកប្លុងចោលក្នុងដីឡូត៍ទំនេរ អតីតស្ថានីយអ្នកដំណើរអន្តរជាតិប៉ោយប៉ែត រហូតជះក្លិនស្អុយទើបប្រជាពលរដ្ឋសង្ស័យទៅនាំគ្នាទៅមើលប្រទះឃើញសព្វជនរងគ្រោះបង្កភាពភ្ញាក់ផ្អើល រួចក៏រាយការណ៍ជួនសមត្ថកិច្ចតែម្តង។

 ករណីប្រទះឃើញសាកសពជនរងគ្រោះខាងលើ កើតឡើងនៅព្រឹកថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីឃាតកម្មបាញ់សម្លាប់មនុស្សយកមកប្លុងចោល ស្ថិតនៅភូមិអណ្តូងថ្មរមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័ន។ 

 យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ជាមនុស្សប្រុស អាយុប្រមាណជាង ៣០ឆ្នាំ មិនដឹងស្លាប់តាំងពីថ្ងៃមកទេ ព្រោះសភាពសពមានស្ថានភាពហើម និងស្អុយរលួយទៅហើយ។ 

 តាមសាក្សីនិយាយថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញរថយន្ត ០១គ្រឿង ម៉ាក លិចស៊ីស RX-330 ពាក់ផ្លាកលេខ ភ្នំពេញ 2AP-6254 ចតទុកចោល និងមានក្លិនស្អុយភាយខ្លាំង ទើបពលរដ្ឋនាំគ្នាទៅមើលប្រទះឃើញសពជនរងគ្រោះដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំ ដែលមានស្លាកស្នាម៤កន្លែង បាញ់ត្រង់ក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។

 បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចកិច្ច និងក្រុមគ្រូពេទ្យផ្នែកកោសលវិច្ឆ័យ ក្រុមការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងប្រមូលវត្ថុតាងពាក់ព័ន្ធដោយសន្តិដ្ឋានថា «សពជនរងគ្រោះពិតជាស្លាប់ដោយសារអំពើឃាតកម្មបាញ់សម្លាប់ពីសំណាក់ក្រុមជនដៃដល់ ដែលអាចកើតហេតុនៅទីតាំងផ្សេង ប៉ុន្តែក្រោយពីធ្វើសកម្មភាពដឹកយកសពយកមកប្លុងចោលនៅកន្លែងកើតហេតុតែម្តង»

 ពាក់ព័ន្ធករណីឃាតកម្មបាញ់នេះដែរ សមត្ថកិច្ចសង្ស័យអាចពាក់ព័ន្ធល្បែងអនឡាញលេងឈ្នះ មេគ្មានលុយសង និងលេងល្បែងចាញ់គ្មានលុយសង ឬអាចជាករណីចាប់ជំរិតគ្មានលុយឱ្យក្រុមជនល្មើសទើបបាញ់សម្លាប់យកទៅបោះចោលបែបនេះ។

 បច្ចុប្បន្ន សាកសពជនរងគ្រោះយកទៅតម្កលទុកនៅវត្តប្រជាធម្ម ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកសាច់ញាតិ និងះអត្តសញ្ញាជនរងគ្រោះ៕