2023-11-09 10:11
270

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានឯករាជ្យ។ 

អមព្រះរាជដំណើរស្តេចយាងជាព្រះរាធិបតីអញ្ជើញចូលរួមពិធីបុណ្យខួបលើកទី៧០ នៃបុណ្យឯករាជជាតិ និងខួបកងយោធពលខេមរភូមិន្ទនាឱកាសនោះ រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា ឯកអគ្គរាជ/រដ្ឋទូត នៃបណ្តាប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។  

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងថា « ក្នុងនាមជាកូនជាចៅចងចាំជានិច្ច គុណណូបការៈ និងគំរូវីរភាពដ៏អង់អាចក្លាហានរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះរាជកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃតស៊ូប្តូផ្ដាច់ដណ្ដើមយកឯករាជ្យជនជាតិមាតុភូមិ និងបានធ្វើឲ្យពិភពលោកបានស្គាល់កម្ពុជាឡើងវិញ ក្នុងឋានៈជាប្រជាជាតិឯករាជ្យដែលឈរស្មើមុខស្មើមាត់ជាមួយជាតិសាសន៍ដទៃ»។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា « ក្រៅពីឯករាជ្យផ្ទៃក្នុងព្រះអង្គជាតួអង្គដ៏សំខាន់ជំរុញសាមគ្គីភាពអន្តរជាតិរវាងប្រទេសទើបទទួលបានឯករាជ្យថ្មីៗ ព្រះអង្គជាបិតាស្ថាបនិកមួយរូប នៃចលនាមិនចូលបក្សស័ម្ពន្ធ ដើម្បីលើកស្ទួយសិទ្ធស្វ័យសម្រេចរបស់ប្រជាជាតិលើពិភពលោកក្នុងការកំណត់ជោគវាសនា អនាគត និងការដឹកនាំប្រជាជាតិនិមួយៗ»។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយព្រមទាំងប្រជារាស្រ្តទូទាំងប្រទេស បាន ផ្ដាច់ញាចិត្តយ៉ាងមុតមាំថា «ដង្ហែតាមស្នាព្រះហស្តប្រវត្តិសាស្ត្រ ដែលជាគំរូវីរភាព របស់ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រូង និងថែរក្សាការពារឱ្យបានស្ថេរភាពចេញ ជ័យកាលនូវឯករាជភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍន៍ ជាអទិភាពជានិរន្តន៍ នៃប្រជាជាតិខ្មែរទាំងមូល»។ 

ទន្ទឹមនិងនេះ ខួបលើកទី៧០ ទិវាឯករាជ្យ និងកំណើតកងយុទ្ធពលខេមរៈភូមិន្ទ ទាហាន នាយទាហានរង គ្រប់ជាន់ថ្នាក់ នៃកងយុទ្ធពលខេមរៈភូមិន្ទ បន្តប្ដូរផ្ដាច់ឥតនារេក្នុងការប្តូរសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី និងពហុបក្ស។  កងយោធពលខេមរភូមិន្ទ បន្តជ្រូងជាតិខ្មែរឲ្យល្បីល្បាញរន្ទឺ ពាសពេញពិភពលោកតាមរយៈកងកម្លាំងរក្សាសន្តិភាព នៅតាមបណ្ដាប្រទេសជាច្រើន ក្នុងនាមជាវីរៈកុលបុត្រខ្មែរ ពិភពលោកទទួលស្គាល់ថា ជាកម្លាំងមានវិន័យ មានមនសិកា វិជ្ជាជីវៈខ្ពស់ និងសេចក្តីថ្លៃថ្នូរផងដែរ។ 

សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖ ខួបអនុស្សាវរីយ៍ លើកទី៧០ ជាការរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ 

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា «ឯករាជ្យជាតិ គឺជាកេតនភណ្ឌដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ជាតិមាតុភូមិ ហេីយក្នុងជីវភាពប្រទេសជាតិមួយ គ្មានអ្វីសំខាន់ជាងឯករាជ្យជាតិនោះទេ។ ការអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លេីកទី ៧០ ចងចាំជានិច្ចចំពោះព្រះមហាករុណាទិគុណដ៏ធំធេង ក្រោមព្រះរាជបូរណីយកិច្ច នៃព្រះករុណាព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងវីរជនស្នេហាជាតិដែលបានលះបង់ក្នុងបុព្វហេតុនេះ»៕