2023-11-15 11:11
232

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងមហាសន្និបាត «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦» ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ និងមានការអញ្ជើញចូលរួមពីប្រធានគណៈកម្មាធិការរណសិរ្ស ក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ។

សូមជម្រាបថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឆ្នាំ២០២៣នេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មានអាយុកាល ៤៥ឆ្នាំហើយ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជាប្រមុខដឹកនាំ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។

ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតប្រកបដោយភាពអង់អាចក្លាហាននោះ ប្រទេសកម្ពុជាទាំងមូលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាក៕