2023-11-15 04:11
264

ភ្នំពេញ៖ ក្រុមមន្ត្រីនប្រដាប់អាវុធ ចំនួន ០៤នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់បោះសេរីបង្កភាពអសន្តិសុខដល់សង្គម ក្នុងតំបន់ទេសចរណ៍ឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ត្រូវបានបណ្តេញចេញពីក្របខណ្ឌដើម្បីជាគំរូ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប៉ុន្មានថ្ងៃមុននេះ មានករណីបាញ់បោះលើភ្នំគិរីរម្យ ស្រាវជ្រាវរកឃើញបម្រើការងារនៅក្នុងជួតកងកម្លាំងសមត្ថកិច្ច ដូច្នេះត្រូវកាត់បន្ថយ និងមានវិធានតឹងរឹងត្រូវបណ្តេញចេញពីក្របខណ្ឌ»។ សម្តេចមហាបវរធិបតី បានបន្ថែមថា «មន្ត្រី ចំនួន ០៤នាក់ ត្រូវបណ្តេញចេញទុកជាគំរូ និងមានការបន្លំប្រើប្រាស់ ឬលក់នៅតាមផ្ទះសំណាក់មួយចំនួនបង្ក្រាបបានច្រើន និងសុំឱ្យវិធានការនេះបន្តធ្វើដូចភ្លៀងរលឹម ត្រូវបោសសម្អាតបន្តិចម្តងៗ ដើម្បីឈានទៅដល់ម្ចាស់ការធ្វើយ៉ាងណាថែរក្សា គ្រប់គ្រប់ស្ថានការណ៍ប្រឆាំងនូវអំពើទាំងអស់នេះ»។
សូមរំឭកថា កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្នុងទីតាំងដីចំការលំហែផ្ទះក្រហម ស្ថិតក្នុងតំបន់ចំការតែ លើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» មានរៀបចំកម្មវិធីខួបកំណើតរបស់ម្ចាស់ចំការមានឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ជាមន្ត្រីនគរបាល នៃអគ្គស្នងការនគរបាលជាតិ ដោយមានការជួបជុំគ្នាផឹកស៊ីសប្បាយយ៉ាងគគ្រឹកគគ្រេងចាក់ធុងបាស់រហូតដល់ស្រវឹង ស្រាប់តែនៅយប់នោះមានឮសំឡេងផ្ទុះអាវុធយ៉ាងច្រើនគ្រាប់បង្កឱ្យប្រជាពលរដ្ឋភ័យខ្លាច ប៉ុន្តែមិនរំខានសមត្ថកិច្ចនោះទេ ដោយក្រុមនេះប្រហែលបាញ់បោះពីយប់មិនអស់ចិត្ត និងចង់បង្ហាញឥទ្ធិពលរបស់ខ្លួនព្រឹកថ្ងៃទី១២ វិច្ឆិកា បានផ្ទុះអាវុធបន្ថែមទៀត។

ក្រោយការផ្ទុះអាវុធបាញ់បោះសេរីល្បីល្បាញពេញផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចម្រុះចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុសាកសួរសាក្សី និងប្រមូលសំបកគ្រាប់កាំភ្លើងវែងខ្លីប្រមាណជាង ២០០គ្រាប់ និងបានកំណត់អត្តសញ្ញាណក្រមជនបង្កដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ក្រុមមុខសញ្ញាជនសង្ស័យដែលបង្កការបាញ់បោះសេរីយ៉ាងអនាធិបតេយ្យ ក្នុងតំបន់ចំការតែ លើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» កាលពីសប្តាហ៍មុន បានចូលខ្លួនបង្ហាញមុខចំពោះសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដោយនាំយកមកទាំងវត្ថយតាងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាជនបង្កនោះនៅឡើយទេ ព្រោះកំពុងតាមដានយកយកចិត្តទុកដាក់ និងក្រោយពេលបញ្ចប់ការស្រាវជ្រាវ នឹងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕