2023-11-21 02:11
258

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណ្តិទី៧នេះ បានដាក់គោដៅធំ ចំនួន ៥ គឺ «ទី១- កំណើនសេដ្ឋកិច្ច, ទី២- ការងារ, ទី៣- សមធម៌, ទី៤- ប្រសិទ្ធភាព និង ទី៥- ចីរភាព»

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និយោជិត  ចំនួន  ១៨ ១០៨នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

 នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦។ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាស ចំនួន ១៨៩។

 ក្នុងចំណោមគោលដៅធំទាំង ៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងមាន ក្នុងនោះ ៣សំខាន់ពាក់ព័ន្ធជាមួយបងប្អូនកម្មករ-កម្មការិនី គឺ កំណើនសេដ្ឋកិច្ច, ការងារ និងសមធម៌ ទី១- កំណើតសេដ្ឋកិច្ច ត្រូវជំរុញធ្វើម៉េចឱ្យសេដ្ឋកិច្ចកើនឡើងតាមគ្រប់វស័យទាំងអស់, ទី២- ពឹងផ្នែកទៅលើការបង្កើតការងារធំៗ និង ទី៣- សមធម៌ គឺចែកផលទាំងអស់ឱ្យប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រលំបាកជាងគេ ដើម្បីលើកជីវភាពពួកគាត់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅអទិភាពដែលរាជរដ្ឋាភិបាលបានធ្វើហើយសម្រាប់អាណត្តិទី៧នេះ ជាគោលដៅដែលត្រូវអនុវត្ត ៥ឆ្នាំនេះ និងបន្តទៅទៀតសម្រាប់គោលនយោបាយបញ្ចកោណ-ដំណាក់ទី១ និងបញ្ចកោណ-ដំណាក់កាលទី២។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយបញ្ចកោណមាន ៥មុំ គិត៥ឆ្នាំ៥ដង ២៥ ឆ្នាំ ដើម្បីរុញឱ្យប្រទេសរបស់យើងទទួលបានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្រាប់ប្រទេសដែលមានចំណូលខ្ពស់គេមិនគិតពីរដ្ឋមានចំណូលប៉ុន្មានទេ គេគិតថាប្រជាពលរដ្ឋម្នាក់ៗជាមធ្យមមានប្រាក់ចំណូលប៉ុន្មាននេះហើយជាគោលដៅធំរបស់រាជរដ្ឋាភិបាល៕