2023-11-21 03:11
244

ភ្នំពេញ៖      ក្នុងជំនួបលើកទី១០ ជាមួយបងប្អូនកម្មករ-កម្មការិនី ជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃអង្គារ ទី២១  ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «កុំយកឈ្មោះជាសហជីពទៅប្រមូលបងប្អូនកម្មករ-កម្មការិនី នយោជិត ទៅបម្រើការងារអីផ្សេង ជាពិសេសពាក់ព័ន្ធរឿងបញ្ហានយោបាយវាអត់ចំណេញអីទេ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កាត់ធ្ងន់ថា៖ សហជីពវិជ្ជាជីវៈសូមដើរតួនាទីរបស់ខ្លួន ដើម្បីជាតំណាងកម្មករ-កម្មការិនី កុំយកឈ្មោះជាសហជីពទៅប្រមូលបងប្អូនកម្មករទៅបម្រើការងារអីផ្សេង ជាពិសេសពាក់ព័ន្ធរឿងនយោបាយ វាអត់ចំណេញស្អីទេ គួតយកការងារមកគិតដល់កម្មករ-កម្មការិនី ក្នុងដោះស្រាយបញ្ហាជូនបងប្អូនកម្មករ កុំយករូបភាពជាសហជីព ទៅធ្វើកិច្ចការងារផ្សេងខុសវានាំឱ្យមានបញ្ហា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែមថា «បើសិនជាចង់ធ្វើការងារជាតំណាងក្នុងប្រធានបទអីរៀបចំឱ្យចំគោលដៅ បើចង់ធ្វើការងារសិទ្ធិមនុស្សរៀបចំជា NGO ដើរតួនាទីជាសិទ្ធិមនុស្សឱ្យចំទៅ, បើចង់ការពារបរិស្ថាន រៀបចំសង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាលឱ្យការពារបរិស្ថានទៅ យើងអាចស្រួលនិយាយគ្នា កុំជ្រកក្រោមយកដៃបងប្អូនកម្មករ-កម្មការិនីអាជីព អង្គការវិជ្ជាជីវៈទៅធ្វើអីផ្សេងខុសជំនាញ សិទ្ធិសេរីភាព សហជីពមានរាប់ពាន់ ហើយអរគុណចំពោះសហជីពទាំងអស់ដែលធ្វើការងារជាតំណាងរបស់កម្មករ នយោជិតបានល្អ ក្នុងការដោះស្រាយ និងជាតំណាងការចរចាអត្ថប្រយោជន៍ផ្សេងៗឱ្យកម្មករដោយសន្តិវិធីនេះជាអ្វីដែរប្រពៃណីល្អត្រូវធ្វើ»