2023-11-22 02:11
249

កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) ប្រវែងជាង ២៤៦គីឡូម៉ែត្រ និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) ប្រវែងជាង ៣៥គីឡូម៉ែត្រ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា «អាទិភាពបន្ថែមសំខាន់បំផុតយើងត្រូវពង្រឹងផ្លូវទាំងខាងជើង និងខាងត្បូង» សម្រាប់ខ្សែររថភ្លើងរបស់កម្ពុជាមានពីរ គឺ ពីភ្នំពេញ-ព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែត។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្សែររថភ្លើងទី១ ខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត រត់កាត់ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩៦០ជាង និងខែ្សទី២ ខាងត្បូង ពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ រត់កាត់ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត និងខេត្តព្រះសហនុ។ សម្តេចធិបតីបានបន្ថែមថា ជំហានទី១ ត្រូវពិនិត្យមើលនូវអ្វីដែលមានស្រាប់ធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនបានស្រូតលឿនកាត់បន្ថយការចំណាយ។

 សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា រដ្ឋាភិបាលបានធ្វើការវិនិយោគផ្លូវល្បឿនលឿន និងផ្លូវជាតិលេខ៥នេះ ចាត់ទុកជាផ្លូវល្បឿនលឿន ដែលជួយសម្រួលក្នុងការធ្វើចរាចរណ៍ និងធ្វើផ្លូវដែកមួយទៀត ដើម្បីជួយសម្រាលក្នុងការដឹកជញ្ជូនឱ្យបានច្រើនជាពិសេសកាត់បន្ថយនូវថ្លៃដឹកជញ្ជូន។ សម្តេចធិបតីបន្ថែថា អញ្ចឹងផ្លូវដែកត្រូវតែធ្វើ និងមានគម្រោងភ្ជាប់ផ្លូវដែកមួយខ្សែរទៀតនៅខាងកើតទន្លេ គឺ ភ្នំពេញ សៀមរាប និងប៉ោយប៉ែត។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់រថយន្តភ្លើងល្បឿនលឿនរងចាំពេលក្រោយ អ្វីដែលធ្វើ និងត្រូវពង្រឹងនាពេលនេះ គឺអ្វីដែលមានស្រាប់ ព្រោះវាលឿនវាមិនចំណាយអស់ច្រើន ហើយបម្រើដល់ការដឹកជញ្ជូនជាពិសេសដឹកទំនិញកាន់បន្ថយថ្លៃដឹកជញ្ជូនតែម្តង៕

 សូមបញ្ជាក់ថា ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាមទៅដល់បាត់ដំបង នាពេលនេះមានប្រវែង សរុប ២៤៦,១៥គីឡូម៉ែត និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត មានប្រវែង ៣៥,១៤ម៉ែត ដែលចំណាយថវិកាប្រមាណ ៦០០លានដុល្លារដែលជំនួយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន៕