2023-11-23 05:11
308

បន្ទាប់ពីដំណើរការកិច្ចប្រជុំរយៈពេល ១ថ្ងៃ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ២៥រាជធានី-ខេត្ត និងគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ» ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី អ្នកស្ម័គ្រចិត្តនៃទីស្នាក់ការកណ្តាល, គណៈកម្មាធិការសាខា, មន្ត្រីប្រតិបត្តិសាខា, មន្ត្រីប្រតិបត្តិទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជន និងតំណាងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៣០នាក់។

មានប្រសាសន៍សំណេះសំណាល និងបិទកិច្ចប្រជុំនេះ, ឯកឧត្តម ពិត ចំណាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងកោតសរសើរយ៉ាងក្រៃលែងចំពោះគណៈអភិបាល គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា គណៈគ្រប់គ្រងនៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ទីប្រឹក្សាយុវជន យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាននិងកំពុងបំពេញការងារមនុស្សធម៌ ជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅតាមសហគមន៍ទូទាំងប្រទេស និងតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ពីគោលដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចបានគោលដៅធំៗទាំងនេះ គឺពិតជាចាំបាច់ណាស់ត្រូវការធនធានមនុស្សដ៏ពូកែ ដូចអ្វីដែលជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយមុំទី១ គឺផ្តោតលើការកសាងមូលធនមនុស្ស។ 

ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ការកសាង និងពង្រឹងក្លិបយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា គឺជាការរួមចំណែកក្នុងការកសាងមូលធនមនុស្ស ដែលតាមគ្រឹះស្ថានសិក្សានីមួយៗបាននិងកំពុងកសាងយុវជនដែលពោរពេញទៅដោយចំណេះដឹង គុណធម៌ និងសុជីវធម៌។”

ក្នុងឱកាសនោះដែរ ឯកឧត្តម បានគូសបញ្ជាក់ និងផ្តល់អនុសាសន៍ដូចខាងក្រោម ៖
១. សូមក្មួយយុវជនកាកបាទក្រហមកម្ពុជា បន្តតួនាទីជាមិត្តអប់រំមិត្ត ដោយត្រូវណែនាំ និងក្រើនរំលឹកមិត្តភក្តិរបស់យើង ឱ្យប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ចរាចរណ៍ ណែនាំមិត្តឱ្យដើរផ្លូវត្រូវ ខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ ក្នុងសង្គមជាតិ។

២. សូមជំរុញក្លិបយុវជនរបស់ក្មួយៗឱ្យកាន់តែសកម្មឡើង ចេះដាក់វេនគ្នាប្រចាំការ មានរបបប្រជុំទៀងទាត់ មានផែនការសកម្មភាពច្បាស់លាស់ ជាពិសេសត្រូវពិនិត្យមើលថា តើក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន មានលោកគ្រូ អ្នកគ្រូ និស្សិត ឬមិត្តភក្តិណាដែលកំពុងជួបការលំបាកក្នុងជីវភាព? ដែលក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា ត្រូវចេញមុខដោះស្រាយ ចុះសួរសុខទុក្ខ លើកទឹកចិត្តគ្នា និងចេះជួយយកអាសាគ្នាទៅវិញទៅមក។

៣. សូមសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត បន្តសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ដោយយកចិត្តទុកដាក់ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន និងមាតាបិតាសិស្ស ដើម្បីតាមដានការសិក្សារបស់កូនៗ សិស្ស និស្សិត និងយុវជន និងជំរុញការងារសង្គម តាមរយៈការចូលរួមសម្អាតបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមដាំដើមឈើជាដើម។

៤. សូមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ បន្តជំរុញ និងបណ្តុះគំនិតយុវជនទាំងអស់ ឱ្យមានគំនិតស្នេហាជាតិ ដើម្បីជួយសង្គម និងអ្នកងាយរងគ្រោះបំផុត ដូចពាក្យស្លោកថា “កុំសួរថាតើសង្គមបានផ្តល់អ្វីខ្លះដល់យើង? តែត្រូវសួរខ្លួនឯងថា តើយើងបានធ្វើអ្វីខ្លះដើម្បីសង្គម?”។