2023-11-25 12:11
245

(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ អ្នកជំនាញការកសិកម្ម នៅអតីតសាធារណរដ្ឋសង្គមនិយមសូវៀត ចំនួន៨នាក់ ដែលបានស្លាប់កាលពីឆ្នាំ ១៩៨៣ ស្ថិតក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពិធីនេះបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅវត្តកែវមុនីសេដ្ឋារាម ហៅវត្តដូនធី ស្ថិតក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ដោយមានការចូលរួមពីលោក អាណាតូលី ប៉ូរ៉ូវីត ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ និងប្រជាពលរដ្ឋជាច្រើនអ្នកទៀត។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងនាឱកាសនោះថា ស្ថិតក្នុងបរិយាកាសដ៍ក្តុកក្តួលនេះ បើយើងទាំងអស់គ្នាបិទភ្នែក រំលឹកដល់អតីកាល ដែលប្រទេសកម្ពុជាទាំងមូលកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ក្នុងទសវត្ស៧០ ដល់ទសវត្ស៩០ នោះយើងពិតជាស្រមៃឃើញថា ការរស់នៅក្រោមដំបូលនៃគ្រាប់រំសេវ គឺពោរពេញដោយការឈឺចាប់ និរាស្ត្រព្រាត់ប្រាស់ ឃ្លាតឆ្ងាយ ប្រពន្ធ កូន បងប្អូន និងញាតិមិត្ត ដោយការភ័យខ្លាច ព្រួយបារម្មណ៍ និងពោរពេញដោយការស្អប់ខ្ពើមនូវសង្គ្រាម។

ជាក់ស្តែង ដូចជាក្នុងព្រឹត្តិការណ៍ដែលយើងទាំងអស់គ្នានៅទីនេះ កំពុងរំលឹកដល់នោះ គឺព្រឹត្តិការណ៍ កាលពីខែសីហា ឆ្នាំ១៩៨៣ នោះគឺជាគ្រោះថ្នាក់នៃការបាត់បង់ជីវិត នូវអ្នកបច្ចេកទេសកសិកម្ម ចំនួន ៨រូប។ វាគឺជាឧបទ្ទវហេតុក៏ពិតមែន ក៏បន្ដែវាពិតជាផ្តើមចេញពីសង្គ្រាមដែល ញាំញីនៅក្នុងប្រទេសកម្ពុជា យ៉ាងពិតប្រាកដ ដែលបង្កជាទុក្ខ នៃការនិរាស្ត្រព្រាត់ប្រាស់បែកបាក់ពីក្រុមគ្រួសារ ប្រពន្ធ កូន ឪពុក ម្ដាយ ពី
សំណាក់ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុនេះ។

លោក អ៊ុន ចាន់ដា បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត និងជាយុវជនជំនាន់ក្រោយ សូមចូលរួមចំណែក រំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលជាអ្នកបច្ចេកទេសកសិកម្ម របស់អតីតសហភាពសាធារណៈរដ្ឋសង្គមនិយមសូវៀត ទាំង៨រូបនោះ សូមឲ្យវិញាណក្ខ័ន្ធអ្នកទាំងនោះ សម្រាន្តឲ្យបានសុខសាន្ដ ដោយមហន្តរាយបែបនេះ ពិតជាមិនអាចកើតមាននៅលើទឹកដីខេត្តកំពង់ចាមទៀតឡើយ និងសូមបួងសួងដល់វិបាកវិញាណក្ខ័ន្ធ អ្នកទាំងនោះបានទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។លោក អាណាតូលី ប៉ូរ៉ូវីត ឯករដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ជំនាញការកសិកម្មអតីតសាធារណរដ្ឋសង្គមនិយមសូវៀត ដែលត្រូវបានបាត់បង់ជីវិត ដើម្បីមិត្តភាព។

លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នា យើងនឹងអាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ កុំឲ្យមានសោកនាដកម្ម ដូចដែលបានកើតឡើងកាលពី ៤០ឆ្នាំមុននោះទៀត៕