2023-11-29 05:11
234

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រឹកស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ 

នារសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើប្រព័ន្ធតេឡេក្រាមថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹង ចំនួន ២ គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះបន្ថែមទៀត ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះផងដែរ គឺជាអាទិភាពគន្លឹះ ទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

សូមជម្រាបថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង  ខេត្តកោះកុង នឹងត្រូវសម្ភោធនៅព្រឹកថ្ងៃទី ៣០ ខែវិច្ចិកា ឆ្នាំ២០២៣៕