2023-11-30 11:11
232

 

 

កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ការអភិវឌ្ឍលើវិស័យអគ្គិសនី នៅតែជារបៀបវីរៈដ៏សំខាន់នៃគោលនយោបាយសេដ្ឋកិច្ចកម្ពុជា សម្រាប់នីតីកាលទី៧ នៃរដ្ឋសភានេះ ព្រោះថាមពលមិនត្រឹមជាផលិតផលមួយសម្រាប់ប្រជាពលរដ្ឋបច្ចុប្បន្ននោះទេ វាជាផលិតផលចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យផ្សេងៗទៀត»។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

 សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ដូច្នេះការជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យបានត្រឹមត្រូវរីកចម្រើនឆាប់រហ័ស ដើម្បីឈានដល់ការសម្រេចបាន ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ប្រកបដោយចីរភាព ស្ថិរភាព គុណភាព មានតម្លៃថ្លៃកាន់តែសមរម្យនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងជួយបង្កើនសុខដុមរមនាភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ»

 សូមជម្រាបថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកមកពីស្ទឹង ចំនួន ២  គឺ ស្ទឹងកែប និង ស្ទឹងតាតៃដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក ២ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាព សរុប ១៥០មេហ្គាវ៉ាត់ ។

 ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕