2023-11-30 03:11
240

កោះកុង៖     សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍន៍វិស័យឋាមពលអគ្គិសនី ត្រូវធ្វើយ៉ាងណាឱ្យគ្រប់់ទីកន្លែងទទួលបានការផ្គត់ផ្គង់បានគ្រប់គ្រាន់ និង ជំរុញឱ្យអាជ្ញាធរអគ្គិសនី ត្រូវខិតខំធ្វើឱ្យភូមិមួយភាគរយ ដែលមិនមានអគ្គិសនីប្រើប្រាស់ ឱ្យមានអគ្គិសនីប្រើប្រាស់ នៅមុនឆ្នាំ២០៣០ ខាងមុខនេះ។ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ មានអានុភាព ១៥០មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញអនុសាសន៍ ចំនួន ០៦ ចំណុចដល់ក្រសួងរ៉ែ និងថាមពលត្រូវអនុវត្តបន្ត ក្នុងនោះរួមមាន៖ 

១- ស្នើឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនី ឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាងមួយភាគរយ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យទទួលបានអគ្គិសនីប្រើប្រាស់ មុនឆ្នាំ២០៣០។ 

២- ត្រូវធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនីឱ្យកាន់តែងាយស្រួលទាំងសេវាប្រើប្រាស់អគ្គិសនី និងសេវាបង់ថ្លៃអគ្គិសនីជាដើម។

៣- បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន ដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

៤- ជំរុញការចូលរួមរបស់កម្ពុជា ក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាព «កាបូន» ស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន។ ៥- ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មថាមពលអគ្គិសនី 

និង ៦- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ផែនការ និងគោលការណ៍របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានកសាង និងត្រៀមអនុវត្តបន្តកសាងមូលដ្ឋានអគ្គិសនីនៅកម្ពុជាឱ្យកាន់តែរីកចម្រើន»