2023-12-03 10:12
221

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អឹម អេស ជេ (AE MSJ) បើកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ដើម្បីពង្រឹងសមត្ថភាពក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពសមាជិក និងស្តាប់មតិយោបល់ផ្សេងៗពីបញ្ហាប្រឈមនានារបស់សមាជិកក្នុងការប្រកបអាជីពសារព័ត៌មានផងដែរ។ 
​​   កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីអស់លោកជាចាងហ្វាង អគ្គនាយកសារព័ត៌មាន និងសមាជិកសមាជិកាប្រមាណជិត ១០០នាក់ ដែលរៀបចំឡើងនៅស្នាក់ការកណ្តាលសមាគម ក្នុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
   លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន AE MSJ បានលើកឡើងថា៖ បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងជួបប្រទះនូវការលំបាកមួយចំនួនក្នុងបំពេញបែបបទស្នើសុំបន្តអាជ្ញាប័ណ្ណសុំច្បាប់ផ្សេងៗ ស្របពេលដែលក្រសួងព័ត៌មានក៏កំពុងរឹតបណ្តឹងព្រមទាំងធ្វើបច្ចុប្បន្នភាពផងដែរ។ 
​   លោកប្រធានសមាគមបានប្រាប់ទៅសមាជិកសមាជិការបស់ខ្លួនថា ក្នុងនាមអង្គភាពសារព័ត៌មាននីមួយៗយើងត្រូវបំពេញបែបបទ និងឯកសារឲ្យបានគ្រប់គ្រាន់ស្របច្បាប់ ដើម្បីឲ្យខ្លួនយើងមានតម្លៃក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យស្របតាមគោលការណ៍របស់ក្រសួងព័ត៌មាន។ លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានឲ្យគ្រប់បណ្តាអង្គភាពត្រូវធ្វើបច្ចុប្បន្នភាពបន្តអាជ្ញាប័ណ្ណ និងអ្នកមិនទាន់មានអាជ្ញាប័ណ្ណត្រូវប្រញាប់រួសរាន់បំពេញបែបបទស្នើសុំឲ្យបានទាន់ពេលវេលា។

   លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា «ពេលនេះក្រសួងតម្រូវឲ្យអង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ត្រូវធ្វើរបាយការណ៍ដាក់ទៅក្រសួងឲ្យមុនថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ក្នុងនោះត្រូវបំពេញប្រវត្តិរូប ដើម្បីស្នើការសម្គាល់ខ្លួនជាអ្នកសារព័ត៌មានផងដែរ»។ លោកប្រធានបន្ថែមថា យោងតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ស្ថាប័នអង្គភាពសារព័ត៌មាននីមួយៗមានសិទ្ធចេញប័ណ្ណសម្គាល់ខ្លួនឲ្យបុគ្គលិក និងភ្នាក់ងាររបស់ខ្លួនបានដដែល ប៉ុន្តែភ្ជាប់ជាមួយ QR Code របស់ក្រសួងព័ត៌មាន»។ 
   លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ក៏មាន គំនិតផ្តួចផ្តើមបង្កើតមូលនិធិក្នុងសាមាគមដើម្បីគាងគរ រកជំនួយពីសប្បុរជន និងមានចូលរួមបដិភាគរបស់បងប្អូនសមាជិកអ្នកសារព័ត៌មាន ដើម្បីជួយដោះស្រាយការលំបាកដល់សមាជិកសមាជិកា នៅពេលជួបការលំបាក ឬជួបគ្រោះថ្នាក់ដោយឧបទ្ទវហេតុដោយសារអ្វីមួយ។ 
ជាចុងបញ្ចប់លោក បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា «បងប្អូនសមាជិកសមាជិកាអ្នកសារព័ត៌មាន ត្រូវតែអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនយើង ពីការចោទប្រកាន់ផ្សេងៗ ព្រោះក្រមសីលធម៌ និងវិជ្ជាជីវៈជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារខ្លួនយើង»៕